(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានលើកឡើងថា សោកនាដកម្មពីគ្រោះថ្នាក់ចរាចរណ៍ គឺមានតម្លៃធំជាង តម្លៃនៃការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ហើយប្រាក់ពិន័យនេះទៀតសោត មិនស្មើ៥ភាគរយ នៃការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៩នោះទេ។
ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល២សប្ដាហ៍ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា ការខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់រហូតដល់ជាង៣០០លានដុល្លារអាមេរិក ដែលក្នុងនោះមានអ្នកស្លាប់ជិត២,០០០នាក់ រងរបួសជាង៦,០០០នាក់។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃនៃការពិន័យ មិនស្មើនឹងតម្លៃ នៃការព្យាបាលរបួសដែលរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះទេ ប្រសិនបើពលរដ្ឋទទួលរងការពិន័យដោយកែប្រែ គាត់អត់រងគ្រោះ គឺគាត់ច្បាស់ជាចំណេញជាងពេលមាន គ្រោះថ្នាក់ហើយទៅពេទ្យ ឬបាត់បង់ជីវិតធ្វើឲ្យគ្រួសារទាំងមូលលំបាក។ សោកនាដកម្មពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានតម្លៃធំជាង តម្លៃនៃការពិន័យ ហើយធំជាងការខាតបង់ដល់ក្រុមគ្រួសារដទៃទៀតដែលជួបគ្រោះថ្នាក់ចរាចរណ៍»។
បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមរយៈការបង្កើនប្រាក់ពិន័យនេះ នឹងធ្វើឲ្យតម្លៃគោរពច្បាប់កើនឡើង សណ្ដាប់ធ្នាប់ចរាចរណ៍ កាន់តែមានរបៀបរៀបរយ ដែលនេះជាតម្លៃមួយខ្ពស់ផ្ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរដល់សង្គមជាតិទាំងមូល ពោលនៅពេលអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបន្ថែមទៀតថា គោលបំណងនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺចង់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការល្មើសច្បាប់ចរាចរណ៍។ ប្រសិនបើអ្នកបើកបរទាំងអស់មិនល្មើសនឹងច្បាប់ចរាចរណ៍ នោះមិនទទួលនូវការខាតបង់ដោយសារការពិន័យរបស់ច្បាប់នោះទេ។
ឆ្លងតាមការអនុវត្តរយៈពេល២សប្ដាហ៍នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន។
គួរជម្រាបថា រយៈពេល១៤ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៤ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង៕