(ភ្នំពេញ)៖ ១៥ ឧសភា ជាទិវាគ្រួសារអន្តរជាតិ (International Day of Families) ឬ Family Day បានទទួលស្គាល់ដោយអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៩៣ និងអបអរសាទរនៅឆ្នាំ ១៩៩៤។ ថ្ងៃទី១៥ ឧសភា ២០២០ នេះ ជាខួបឆ្នាំទី ២៦។
Family ជាភាសាអង់គ្លេស។ ពាក្យ Family ប្រែមកជាពាក្យខ្មែរ គឺ គ្រួសារ ឬ ពាក្យ គ្រួសារ នេះ ស្មើនឹងអង់គ្លេសថា Family។ អង្គការសហប្រជាជាតិ ទើបតែបានផ្តល់តម្លៃជាផ្លូវការដល់សារៈសំខាន់របស់ពាក្យគ្រួសារ នៅឆ្នាំ ១៩៩៣។ ព្រះភិក្ខុឥន្ទបញ្ញោ ហេង មណីចិន្តា បានផ្តល់សារៈសំខាន់នៃពាក្យគ្រួសារក្នុងសៀវភៅរបស់លោក ដែលមានឈ្មោះថា «ជីវិតអាពាហ៍ពិពាហ៍» តាំងពីឆ្នាំ១៩៩១ ដែលជាការផ្តល់តម្លៃតាមការអធិប្បាយបែបពុទ្ធសាសនា។
ចុះខ្មែរយើងផ្ទាល់បានផ្តល់តម្លៃលើពាក្យថា គ្រួសារ តាំងពីឆ្នាំណាមក? នេះជាចំណោទដែលត្រូវស្វះស្វែងរកឲ្យឃើញ។ ខ្ញុំក៏ឆ្លើយមិនចេញដែរ ជាពិសេសខ្ញុំមិនបានស្រាវជ្រាវរកថា ពាក្យ គ្រួសារ នេះ បានចាប់ផ្តើមប្រើក្នុងភាសាខ្មែរជាដំបូង ទាំងពីពេលណាមក។
ក្នុងភាសាអង់គ្លេស ពាក្យ family មានប្រភពមកពីពាក្យឡាតាំងថា familia ដែលប្រែជាអង់គ្លេសថា household។ Family ជានាម ត្រូវបានគេឃើញប្រើនៅក្នុងសតវត្សរ៍ទី១៥ នៅក្នុងន័យថា «ក្រុមមនុស្សដែលរស់នៅក្រោមដំបូលតែមួយ ដែលជាធម្មតា មានមេគ្រួសារម្នាក់»។ បន្ទាប់មកទៀត មានប្រើនៅក្នុងសតវត្សរ៍ទី១៦ ក្នុងលក្ខណៈជាគុណនាម។
ដោយមិនចាំបាច់ដឹងថា គ្រួសារ ដែលជាពាក្យខ្មែរនេះចាប់ផ្តើមប្រើតាំងពីពេលណាមកនោះ ពាក្យ គ្រួសារ ដែលមាននៅក្នុងវចនានុក្រមខ្មែរ គឺ គ្រួសារ ( ន. ) ត្រកូល, ប្រជុំ ត្រកូល មនុស្ស គឺ មាតា បិតា និង បុត្រ ធីតា: គ្រួសាររបស់ខ្ញុំនៅរស់ទាំងអស់គ្នា។
នៅក្នុងសេចក្តីអធិប្បាយនេះ មានពាក្យ ត្រកូល ដែលតាមវចនានុក្រមខ្មែរបានពន្យល់ថា៖ ត្រកូល ( ន.) ពាក្យនេះក្លាយមកពីពាក្យភាសាសំស្រ្កឹតថា គោត្រ-កុល “ពូជ ពង្ស តាម គោត្រ” ហៅតាមស្រួលមាត់ថា គោត្រកូល, លុះដល់យូរតៗមកគេលុបពាក្យ គោ ចេញនៅហៅត្រឹមតែ ត្រកូល។
តែអ្វីដែលខ្ញុំចាប់អារម្មណ៍ គឺអត្ថន័យនៃពាក្យថាគ្រួសារ តាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ គឺពាក្យគ្រួសារនេះ ជាការផ្សំឡើងដោយពាក្យ គ្រួ និង សារ ទៅជា គ្រួសារ។
➢ គ្រួ ( ន. ) ១) ប្រជុំ មនុស្ស មួយ ក្រុម ដែល មាន មាតា បិតា និង កូន ចៅ រួម រស់ នៅ ជា មួយ គ្នា : ផ្ទះ នេះ មាន មនុស្ស មួយ គ្រួ។ ២) ជន អ្នក ចម្អិន ភោជនាហារ, អ្នក ស្ល ដណ្ដាំ : អ្នក គ្រួ។
➢ សារ សា សំ. បា.
✓ (នាម) (សារ) ខ្លឹម; សេចក្ដី ខ្ជាប់ខ្ជួន, មាំមួន, រឹងប៉ឹង; ការ សំខាន់, របស់ សំខាន់; គោល, គោល ចារឹក, ហ្ល័កឋាន; កម្លាំង; អំណាច, សេចក្ដី អង់អាច, សេចក្ដី ក្លាហាន; សំណាង, បុណ្យ ភ័ព្វ; តម្លៃ, ទ្រព្យ, សម្បត្តិ; របស់ សុទ្ធ; សេចក្ដី ពិត; ប្រយោជន៍, ផល ប្រយោជន៍; ធាតុ សុទ្ធ ឬ ធាតុ ផ្សំ ណា មួយ; សំបុត្រ, ចុតហ្មាយ; ពាក្យ សង្ខេប, សេចក្ដី បំប្រួញ;... ។
✓ (គុណនាម) រឹង, រ៉ឹងប៉ឹង, ខ្ជាប់ខ្ជួន, មាំមួន; ខ្លាំង, ដែល មាន កម្លាំង; ដែល ក្លាហាន, អង់អាច, អាច ហាន; ដែល ពិត, ប្រាកដ; មាន តម្លៃ; ថ្លៃ, ថ្លៃ ថ្លា, ប្រសើរ, ខ្ពង់ខ្ពស់; សំខាន់; គ្រប់, គ្រប់ សព្វ;...។
គ្រាន់តែពាក្យថា គ្រួ មួយម៉ាត់នេះ មានន័យស្មើនឹងពាក្យថា គ្រួសារ ដែលយើងកំពុងប្រើសព្វថ្ងៃនេះ ហើយក៏ស្មើនឹងពាក្យថា Family របស់ពាក្យអង់គ្លេសទៅហើយ។ តែអ្នកប្រាជ្ញបុរាណយើង លោកយកពាក្យ សារ(សារៈ) មកបូកបន្ថែមទៀត។ ខ្ញុំគិតថា ព្រោះលោកចង់ឲ្យខ្មែរម្នាក់ៗ ឬ អ្នកដឹកនាំជាតិខ្មែរយើងនេះ យល់ពីតម្លៃរបស់គ្រួ សារៈសំខាន់របស់គ្រួ ដែលមានចំពោះសង្គមជាតិ និង ដែលសង្គមណា ប្រជាជាតិណា ក៏មិនអាចអត់បាននូវ ស្ថាប័នគ្រួ នេះបានដែរ។
ការប៉ុនប៉ង ឬការធ្វើឲ្យស្ថាប័នគ្រួសារនេះ លែងទៅជាខ្លឹម; មិនខ្ជាប់ខ្ជួន, មិនមាំមួន, មិនរឹងប៉ឹង; មិនសំខាន់, មិនមែនជារបស់សំខាន់; មិនមានគោល, មិនមានគោលចារឹក, មិនមានហ្ល័កឋាន; មិនមានកម្លាំង; មិនមានអំណាច, មិនអង់អាច, មិនក្លាហាន; មិនមានសំណាង, មិនមានបុណ្យភ័ព្វ; គ្មានតម្លៃ, គ្មានទ្រព្យ, គ្មានសម្បត្តិ; មិនសុទ្ធ; មិនពិត; អត់ប្រយោជន៍, បាត់បង់ផលប្រយោជន៍; មិនប្រាកដប្រជា; គ្មានតម្លៃ; ថោក, មិនថ្លៃថ្លា, មិនប្រសើរ, ថោកទាប; មិនគ្រប់, មិនគ្រប់សព្វជាដើមនេះ មិត្តអ្នកអានអាចស្រមៃឃើញថា អ្វីខ្លះដែលនឹងកើតឡើងនៅក្នុងសង្គមកម្ពុជាយើង។
ពេលយកពាក្យនេះមកប្រើ ដោយរលឹកនឹកដល់សេចក្តីពន្យល់នៃពាក្យនីមួយៗនោះ យើងប្រាកដជាមិនមានអ្វីសង្ស័យទៀតទេថា បុរាណដែលបានបង្កើតពាក្យនេះមក លោកបានយល់ច្បាស់ ពីសារៈសំខាន់ដ៏វិសេសវិសាលនៃពាក្យថា គ្រួ ឬ គ្រួសារ នេះស្រេចទៅហើយ ហើយនេះ ក៏ជាសេចក្តីប្រាថ្នារបស់លោក ដែលចង់ឲ្យប្រជាជាតិខ្មែរយើងនឹករលឹកពីសារៈសំខាន់របស់គ្រួសារ ដោយការបង្កប់ន័យនៅក្នុងពាក្យដែលប្រើជាប្រចាំថ្ងៃនេះ។
ទិវាគ្រួសារខ្មែរ គួរតែត្រូវបានបង្កើតឡើង ដើម្បីជាការដាស់តឿនខ្មែរឲ្យនាំគ្នាអភិវឌ្ឍគ្រួសារខ្មែរឲ្យមានសារៈសំខាន់ សមនឹងពាក្យគ្រួសារក្នុងន័យរបស់បុរាណខ្មែរ៕
រក្សាសិទ្ធិដោយ ហេង មណីចិន្តា