(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងលោកស្រី នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីរាជការ បុគ្គលិកស្ថានទូត រួមនឹងពលករ ចុះជួយដល់ក្រុមស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ រស់នៅទីក្រុងអានសាន និងស៊ូវ៉ុន ក្នុងការដាំប្រភេទបន្លែរួមមាន៖ ត្រកួន ស្លឹកគ្រៃ ត្រប់ ម្ទេស សណ្ដែកគួរ និងជីចម្រុះ។
គម្រោង «បន្លែសហគមន៍» ស្រ្តីខ្មែរនៅកូរ៉េនេះ ស្ថានទូតជាអ្នកចេញថ្លៃជួលដី កូនពូជ គ្រាប់ពូជ ជី និងសំភារៈកសិកម្មផ្សេងៗ និងជួយស្វែងរកទីផ្សារក្នុងការលក់ផលិតពេលទទួលផល។
លោក ឡុង ឌីម៉ង់ លើកឡើងក្នុងពិធីបើកគម្រោងថា «បន្លែសហគមន៍» ជាគម្រោងថ្មីទើបបង្កើតនៅប្រទេសកូរ៉េ ដែលមានបំណងចង់លើកស្ទួយជីវភាពក្រុមស្រ្តីខ្មែរ ដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត អត់ការងារធ្វើ ក្នុងកំឡុងពេល វិបត្តិសាកលនៃមេរោគកូវីដ-១៩ ក៏ដូចជាការដាស់អារម្មណ៍ដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ចាប់ផ្ដើមធ្វើកសិកម្មដាំបន្លែ សម្រាប់បរិភោគប្រចាំថ្ងៃ ឬសម្រាប់ផ្គត់ផ្គង់ទីផ្សារដែលមានតម្រូវការ និងតម្លៃខ្ពស់ ស្របពេលដែលអាកាសធាតុអំណោយផល។
ទន្ទឹមនេះ លោកឯកអគ្គរាជទូត បានអំពាវបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីខ្មែរនៅប្រទេសកូរ៉េ ដែលមានបំណងចង់ចូលរួមគម្រោង ឬមានជីវភាពលំបាកសូមទាក់ទងមកស្ថានទូត ដើម្បីមានឱកាសទទួលបានគម្រោងនេះ។ នេះជាគម្រោងទី១ ជាជំហានបន្ទាប់នឹងពង្រីកដល់តំបន់ឆ្ងាយៗបន្ថែមទៀតរួមមាន គីមផូ ក្វាងជូធំ គូមី និងកោះជេជូ។
លោកស្រី សុខលី ស្រីមុំ អនិកជនខ្មែរនៅប្រទេសកូរ៉េជាអ្នកដាំបន្លែកន្លងមក និងជាអ្នកសម្របសម្រួលបច្ចេកទេសដាំបន្លែនៃគម្រោង «បន្លែសហគមន៍» លើកឡើងថា ការឆ្លៀតពេលដាំបន្លែ នៅប្រទេសកូរ៉េ អាចផ្ដល់ទិន្នផលសម្រាប់បរិភោគប្រចាំថ្ងៃផង និងដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងមួយរដូវកាលនៃការដាំដុះអាចរកចំណូលបន្ថែមឱ្យលោកស្រីចន្លោះពី ៣,០០០ ទៅ ៤,០០០ដុល្លារ សម្រាប់លោកស្រី និងគ្រួសារ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះកម្ពុជាបាននាំយកផលិតកសិកម្មទៅកាន់ប្រទេសកូរ៉េរួមមាន៖ ស្វាយ ម្រេច ហើយកំពុងបន្ដនាំចូលបន្ថែមរួមមាន គល់ស្លឹកគ្រៃ ម្ដេង ត្រយ៉ូងចេក ស្លឹកចេក និងផ្លែចេក៕