(ស្វាយរៀង)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ៤ខ្នងត្រូវរបើកដំបូល និងឆេះទូរទស្សន៍មួយគ្រឿង ដោយសារភ្លៀងមានរន្ទះ លាយឡំនឹងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥៖០០ល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

នគរបាលស្រុករំដួល បានឲ្យដឹងថា ម្ចាស់ផ្ទះទាំង៤ ដែលរងគ្រោះ រួមមាន៖

*១៖ ឈ្មោះ អ៉ិច សំអេន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល មានបណ្ដោយ៧គុណនឹង៦ម៉ែត្រ រងការខូចខាតរបើកជញ្ជាំងសង្កសី អស់ចំនួន១០សន្លឹក។

*២៖ ឈ្មោះ ចាន់ ភាង ភេទប្រុស អាយុ៦៤ឆ្នាំ ផ្ទះមានទំហំ៧គុណនឹង៨ម៉ែត្រ រងការខូចខាតរបើកដំបូលតរយាបផ្ទះសង្កសី អស់ចំនួន១១សន្លឹក។

*៣៖ ឈ្មោះ សំ សារុន ភេទប្រុស អាយុ៥១ឆ្នាំ ផ្ទះមានទំហំ៨គុណនឹង៩ម៉ែត្រ របើកដំបូលផ្ទះសង្កសី អស់ចំនួន៧សន្លឹក។

*៤៖ ឈ្មោះ កែវ ផុន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ផ្ទះមានទំហំ៥គុណនឹង៦ម៉ែត្រ រងការខូចខាតរបើកដំបូលផ្ទះសង្កសីចំនួន២សន្លឹក

*៥៖ ឈ្មោះ នង សារន់ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ត្រូវរន្ទះបាញ់ចំទូរទស្សន៍ បណ្ដាលឲ្យខូចខាតទាំងស្រុង។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍មានភ្លៀងរន្ទះលាយឡំនឹងខ្យល់កន្រ្តាក់នេះ មិនបណ្ដាលឲ្យមនុស្សនិងសត្វ រងគ្រោះថ្នាក់អ្វីនោះទេ៕