(កោះកុង)៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦នាក់។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅវេលាម៉ោង ១០៖៤៥នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលលេខ១-២ ចំណុចស្ពានអូរជ្រៅ ក្នុងភូមិអូរជ្រៅឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
នគរបាលចរាចរណ៍ផ្លូវគោកខេត្តកោះកុង បានឱ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់ ២នាក់ (ស្រីម្នាក់ និងក្មេងប្រុសម្នាក់) និងរងរបួស ៦នាក់ (ស្រី ៤នាក់)។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះជួយសង្រ្គោះយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអះអាងទៀតថា រយៈពេល១៤ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់៤៨នាក់ និងរបួស១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង៕