(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានសម្តែងការសោកស្តាយ ចំពោះរបាយការណ៍ថ្មីមួយ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) លើកឡើងថា យុទ្ធនាការ «ប្រយុទ្ធប្រឆាំងគ្រឿងញៀន» របស់រដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការ កើនឡើងការរំលោភសិទ្ធិមនុស្ស។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់ បានចាត់ទុករបាយការណ៍របស់អង្គការនេះថា ជារបាយការណ៍គ្មានការពិត មួលបង្កាច់មិនសមសភាពការណ៍ពិតនៅកម្ពុជា គឺជារបាយការណ៍ធ្វើឡើងដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល វាយប្រហារមកលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បញ្ជាក់យ៉ាងដូច្នេះថា «របាយការណ៍របស់អង្គការលើកលែងទោស អន្តរជាតិនេះ ផ្ទុយពីការពិតទាំងស្រុង ផ្ទុយពីឆន្ទះ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការគ្រប់ស្ថាប័ន ទាំងជាតិ និងអន្តរជាតិ ដែលបានអបអរសាទរ រីករាយ គាំទ្រ និងចូលរួមសហការ ក្នុងការបង្ក្រាបគ្រឿងញៀននាពេលកន្លងមកនេះ»។
ឆ្លើយតបនឹងការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលនិយាយថា «ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាសង្គ្រាមបង្ក្រាបគ្រឿងញៀននៅកម្ពុជា» នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា នៅកម្ពុជាគ្មានទេ សង្គ្រាមបង្ក្រាបគ្រឿងញៀន។ នៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនមានការចាត់តាំងសោះឡើយ នូវសង្គ្រាមគ្រឿងញៀន ដែលនាំឲ្យមានប៉ះពាល់ដល់អាយុជីវិតមនុស្ស។
លោកថា ជាក់ស្តែងចាប់តាំងពីមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០១៧ មកដល់បច្ចុប្បន្ននេះ មិនទាន់មានពលរដ្ឋណាម្នាក់ ស្លាប់ដោយសារយុទ្ធនាការនេះឡើយទេ។
នាយឧត្តសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ ដែលជះឥទ្ធិពលធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការធ្លាក់ចុះ នាំឲ្យសន្តិសុខ សុវត្ថិភាពសង្គម មានភាពល្អប្រសើរផងដែរ។
ជាមួយគ្នានេះ ពាក់ព័ន្ធមន្ត្រីអនុវត្តន៍ច្បាប់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ នឹងពិនិត្យដោះស្រាយតាមវិន័យ និងតាមច្បាប់ ចំពោះបុគ្គល ឬនគរបាលណាម្នាក់ ដែលអសកម្ម និងប្រព្រឹត្ដបទល្មើស ដែលមានការអនុវត្ដជាបន្ដបន្ទាប់។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ក៏លើកឡើងថា ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ដ និងកោតសរសើរ ដល់មន្ដ្រីនគរបាលអនុវត្ដច្បាប់ និងអង្គភាពណាដែលមានស្នាដៃ ចំពោះការអនុវត្ដបង្ក្រាបគ្រឿងញៀនផងដែរ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងទៀតថា រាល់មន្ដ្រីនគរបាលណា ដែលបានប្រព្រឹត្ដល្មើសច្បាប់ និងអសកម្ម ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព ឬក៏កេងប្រវ័ញ្ចលុយកាក របស់ប្រជាពលរដ្ឋ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ ក៏មិនត្រូវលើកឡើងជាដាច់ខាត ត្រូវផ្ដន្ទាទោសតាមច្បាប់។
ដោយឡែក ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នកទាំងនោះ ជាជនរងគ្រោះ ដោយជំរុញឲ្យប្រឹងប្រែងលើកទឹកចិត្ដ ឲ្យជនទាំងនោះ មកទទួលសេវាបន្សាបគ្រឿងញៀន តាមក្បួនវេជ្ជសាស្ដ្រ នៅតាមមណ្ឌលសុខភាពនានា។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានអំពាវនាវឲ្យមានការចូលរួមសហការផ្ដល់ព័ត៌មាន ការរិះគន់ស្ថាបនា ពីគ្រប់មជ្ឍដ្ឋាន ដើម្បីឲ្យធ្វើការពិនិត្យពិចារណា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ លោកត្រៀមខ្លួនជាស្រេច ដើម្បីទទួលបាននូវការសហការនេះដោយក្ដីរីករាយ៕