(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋខ្មែរមូស្លីមចំនួន៣០០គ្រួសារ នាល្ងាចថ្ងៃទី១៤ ខែឧសភាម្សិលមិញនេះ បានញញឹមញញែម សំដែងការសប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំង នៅគ្រាដែលពួកគាត់ បានទទួលការយកចិត្តទុកដាក់ ផ្ដល់អំណោយក្នុងខែបួសរ៉ម៉ាឌន ពីសំណាក់ក្រុមការងារគណៈពង្រឹងស្រុកកោះ។
តំណាងពលរដ្ឋ លោក យូសុះ បានពោលថា អរគុណខ្លាំងណាស់ នូវទឹកចិត្តដ៏ល្អថ្លៃថ្លា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ ចុះមកសួរសុខទុក្ខ និងចែកអំណោយដល់ពួកគាត់ ដែលសកម្មភាពនេះពិតជាសក្ដិសមជាមន្ត្រីល្អ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពលរដ្ឋខ្មែរមូស្លីមនៅស្រុកកោះធំ ក៏បានលើកម្រាមដៃ១០ អរគុណដល់សម្ដេចតេជោហ៊ុន សែន ផងដែរនូវគុណូបការៈ ដែលបានកសាងជូនប្រជាជន និងមាតុភូមិនៃយើង។
លោក ចៅ តុល នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ពង្រឹងស្រុកកោះធំ បានថ្លែងថា ដោយមានការផ្ដាំផ្ញើសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋពីសំណាក់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ, លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំសាសនាឥស្លាមកម្ពុជា ដែលបានតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះពលរដ្ឋទាំងអស់មិនថា តែនៅស្រុកកោះធំនោះទេ ពោលគឺនៅគ្រប់ស្រុកទាំងអស់នៅទូទាំងប្រទេស។
លោក ចៅ តុល បានបញ្ជាក់ទៀតថា អរគុណសន្តិភាព! អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងប្រទេសជាតិឱ្យមានការរីកចម្រើន មានសុខសន្តិភាព មានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ដែលបាននាំមកនូវការអភិវឌ្ឍស្ទើរគ្រប់វិស័យ និងពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរឡើងជាលំដាប់។
ស្ថិតនៅក្នុងពិធីនេះដែរលោក ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និង សាសនា និងជាប្រធានអង្គការក្រុមប្រឹក្សាអភិវឌ្ឍន៍ឥស្លាមកម្ពុជា បានលើកឡើងថា អរគុណសន្តិភាព! អរគុណសម្ដេចតេជោហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ព្រមទាំងផ្ដល់សិទ្ធិសេរីភាពពេញលេញមកចំពោះគ្រប់សាសនានៅកម្ពុជា មានសុខដុមនីយកម្មល្អបំផុត ខណៈអង្គការប្រតិបត្តិការឥស្លាម៥៣ប្រទេស ក៏បានកោតសរសើរមិនដាច់ពីមាត់។
លោកបន្តថា អំណោយចែកជូនពលរដ្ឋខ្មែរឥស្លាមនេះ ត្រូវបានចែកជូនពលរដ្ឋចំនួន២ភូមិ ពោលគឺភូមិចាមក្រោមចំនួន២០០គ្រួសារ និងភូមិទួលសង្កែចំនួន១០០គ្រួសារ ខណៈដែលជំនួយទាំងនេះ បានមកពីការឧបត្ថម្ភពីសំណាក់សប្បុរសជននៃប្រទេសអារ៉ាប់រួម, ប្រទេសព្រុយណេ និងប្រទេសម៉ាឡេស៉ី។
លោកហ្វារីត បានបញ្ជាក់ទៀតថា ក្នុងនាមលោកឈរលើការងារមនុស្សធម៌ជួយជាតិ ជួយប្រជាពលរដ្ឋ លោកនឹងនៅតែបន្តស្នើសុំជំនួយពីប្រទេសស្ដេចប្រេងកាត និងប្រទេសឥស្លាមអ្នកមាន ទាំងនោះទៀត ដើម្បីជួយជ្រោមជ្រែង ជួយផ្គត់ផ្គង់នូវកង្វះខាតរបស់ខ្មែរមូស្លីមជាបន្តបន្ទាប់។
នៅក្នុងឱកាសនៃការចែកអំណោយនេះ លោក ចៅ តុល ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២លានរៀល ដល់វិហារឥស្លាមនីមួយៗ ខណៈដែលលោក ចៅ តុល អមដំណើដោយលោក ហ្វារីត ក៏បានចុះទៅត្រួតពិនិត្យមើលវិហានៅភូមិទួលសង្កែផងដែរ ដែលកសាងដោយលោក ហ្វារីត ដោយប្រើប្រាស់ថវិការអស់ប្រមាណជាង ៦ម៉ឺនដុល្លារ៕