(ស្ទឹងត្រែង)៖ លោក លី មីណា អភិបាលស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា លោកមានគម្រោងធ្វើផ្លូវបេតុងជិត ៣០០ម៉ែត្រ នៅជុំវិញសួនច្បារ រួមទាំងបំពាក់ភ្លើងសូរឡាបំភ្លឺផ្លូវ ក្នុងទីរួមស្រុកទាំងមូល ដែលជាសក្តានុពលសម្រស់ស្រុក តំបន់រាមសារ ជាអេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។
លោក លី មីណា បានឱ្យដឹងថា ស្ពានឈើមួយកន្លែងត្រៀមធ្វើឆាប់ៗនេះ និងគ្រោងធ្វើផ្លូវចាក់បេតុងជិត ៣០០ម៉ែត្របន្តទៀត ជុំវិញសួនជាសមិទ្ធផលថ្មី របស់លោកអភិបាលស្រុក ដែលទើបតែបង្កើតថ្មី កវែក កឆ្នាំង ហើយជាស្រុកទី៦ កូនពៅគេ ចំណុះឱ្យខេត្តស្ទឹងត្រែងមាន ៣ឃុំ ដែលមានប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ ជាប់ព្រំប្រទល់កម្ពុជា-ឡាវ ហើយក៏ជាឈ្មោះមួយ ដ៏ល្បីរន្ទឺ ដែលសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលជាព្រះបិតាជាតិខ្មែរ ដែលបានដាក់ឈ្មោះថា បុរីអូរស្វាយ រហូតមកដល់សព្វថ្ងៃនេះ ដែលជាស្រុកសម្បូរសប្បាយ នាសម័យទស្សវត្ស៦០ ដោយបន្សល់ទុកនៅរូបសំណាកស្តូប របស់ព្រះអង្គជានិមិត្តរូប នៅក្រោមដើមពោធិ៍ដ៍ធំ មានម្លប់ត្រឈឹងត្រឈៃ។
លោកអភិបាលស្រុក បានបន្តថា រដ្ឋបាលស្រុកនឹងសាងសង់ស្ពានឈើមួយកន្លែងទៀត ដែលជាស្ពានសហគមន៍សាមគ្គីកើតចេញ ពីកម្លាំងសាមគ្គី របស់ពលរដ្ឋក្នុងឃុំ ហើយសហការគ្នាជាមួយ អាជ្ញាធរស្រុក ជួយដល់ពួកគាត់ដូចជា ប្រេងសាំង ថវិការសម្រាប់ទិញដែក ស៊ីម៉ង់ត៍។
លោកនឹងកម្លាំងមន្ត្រីសាលាស្រុក ចុះជួយពួកគាត់ផងដែរ នៅពេលដែលដំណើការសាងសង់ស្ពាននេះ ដោយមានប្រវែងទទឹង ៣,៧ម៉ែត្រ និងមានបណ្តោយ ៤០ម៉ែត្រ ហើយស្ពាននេះ នឹងចាប់ផ្តើមធ្វើឱ្យហើយមុន រដូវវស្សាទឹកឡើងចូលអូរ ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ដែលស្ថិតក្នុងភូមិអូររុណ ក្នុងឃុំអូរស្វាយនេះ។
ពាក់ព័ន្ធនឹងការបង្ហើបសាងសង់ស្ពាន និងផ្លូវបេតុងនេះដែរលោក សុន ពិសាល ជាប្រជាពលរដ្ឋរស់នៅភូមិអូររុណ ឃុំអូស្វាយ បានឱ្យដឹងថា ពួកគាត់មានការសប្បាយត្រេកអរ ចូលរួមគ្នាសហការជាសហគមន៍ ជួយទាំងកម្លាំងកាយ នឹងថវិកាផងដែរ។ ទៅតាមការស្នើសុំ របស់លោកអភិបាលស្រុក ដើម្បីឱ្យបានស្ពានថ្មីមួយនេះប្រើ ពួកគាត់សម្បាយចិត្តនឹងរីករាយសហការ ជាមួយអាជ្ញាធរជានិច្ច ព្រោះស្ពាននេះ ចាស់យូហើយទ្រុឌទ្រម វាមានហានិភ័យខ្ពស់ ក្នុងការឆ្លងម្តងៗ ហើយឆ្លងបានតែមនុស្ស នឹងម៉ូតូតែប៉ុណ្ណោះ ដូចជារថយន្ត គោយន្តកន្ត្រៃ ដឹកកសិផលផ្សេងៗ មិនអាចឆ្លងបានទេ៕