(ភ្នំពេញ)៖ គណៈកម្មការដឹកនាំការអនុវត្តផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់បុគ្គលជាឪពុកចុង ឈ្មោះ ធួន ផាន់ណា ដែលបានធ្វើទារុណកម្ម ដោយចាប់កាច់ដៃ កាច់ជើងកុមារឈ្មោះ ភី វាសនា អាយុ០៧ខែ យ៉ាងអាណោចអាធម្ម និងគំរាមបាញ់សម្លាប់ស្ត្រីជាម្ដាយ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅភូមិសុក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលករណីនេះ សមត្ថកិច្ចបាន និងកំពុងចាត់វិធានការតាមនីតិវិធី។

គណៈកម្មការដឹកនាំការអនុវត្ត ផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ក៏ដូចជាសាធារណជនទូទៅ បានស្តាប់ឮការ រៀបរាប់របស់ស្ត្រីជាម្ដាយ មានការរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែង ចំពោះកុមាររងគ្រោះ ដោយអំពើអមនុស្សធម៌នេះ និងយល់ឃើញថា អំពើដ៏សាហាវ ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃរបស់បុគ្គលរូបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិទទួលបានការការពារ ។

ពាក់ព័ន្ធនឹងអំពើដ៏មហារន្ធត់ និងឃោរឃៅនេះ គណៈកម្មការដឹកនាំការអនុវត្តផែនការ សកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការ និងដាក់ទោសឲ្យបានធ្ងន់ធ្ងរដាច់ខាត ស្របតាមច្បាប់ជាធមរមាន ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមយើងបន្តទៀត៕