(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ដល់គោលដៅដែលកងកម្លាំងនគរបាល អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន៤គោលដៅ។

លើសពីនោះទៀត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយសេចក្តីណែនាំ ដល់អធិការដ្ឋាននគរបាល ចំនួន៤ស្រុករួមមាន៖ ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត ស្រុកគិរីវង់ និងស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយសេចក្តីណែនាំនេះ ដើម្បីធ្វើជាគំរូក្នុងការគោរព និងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកថា «ពេលជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ហាមនិយាយទូរស័ព្ទ ម៉ូតូត្រូវមានស្លាកលេខ មានកញ្ចក់មើលក្រោយ បើកឡានត្រូវពាក់ខ្សែក្រវាត់ជាដើម ជៀសវាងការអនុវត្តខុសពីសេចក្ដីណែនាំ ក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានកម្លាំងនគរបាលចរាចរណ៍ ចុះអនុវត្តទាំង៤គោលដៅសរុប ចំនួន៣២នាក់»។

សូមបញ្ជាក់ថា ដោយមើលឃើញការកើនឡើងខ្ពស់នៃអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តាច់ផ្តិលអាយុជីវិតប្រជាពលរដ្ឋយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ រាជរដ្ឋាភិបាលបានសម្រេចយកឆ្នាំ២០២០នេះ ជាប្រកាសអាសន្នសម្រាប់គ្រោះថ្នាក់ចរាចរណ៍។

នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជាមួយកម្រិតផាកពិន័យធ្ងន់ធ្ងរជាងមុនគុណនឹងពីរ គុណនឹងបីធៀបនឹងការផាកពិន័យចាស់។

រយៈពេល១៤ថ្ងៃ នៃការរឹតបន្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង។

គេបានកត់សម្គាល់ឃើញថា រយៈពេល១៤ថ្ងៃនៃការអនុវត្តន៍វិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ ធ្វើឱ្យប្រជាពលរដ្ឋអ្នកបញ្ជាយានយន្ត បានភ្ញាក់រលឹកស្មារតីក្នុងការអនុវត្តន៍តាមច្បាប់ចរាចរណ៍។ ជាពិសេសវិធានការនេះ បានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើនផងដែរ។

រយៈពេល១៤ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់ ៤៨នាក់ និងរបួស ១២២នាក់។ ចំនួននេះថយចុះច្រើនបៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមកនេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមថា បុគ្គលជាឪពុកចុង ឈ្មោះ ធួន ផាន់ណា បានធ្វើទារុណកម្ម ដោយចាប់កាច់ដៃ កាច់ជើងកុមារឈ្មោះ ភី វាសនា អាយុ០៧ខែ យ៉ាងអាណោចអាធម្ម និងគំរាមបាញ់សម្លាប់ស្ត្រីជាម្ដាយ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅភូមិសុក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលករណីនេះ សមត្ថកិច្ចបាន និងកំពុងចាត់វិធានការតាមនីតិវិធី៕