(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានផ្ដាំផ្ញើប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបន្តការប្រយ័ត្នចំពោះជំងឺ COVID-19 ទោះបីជាស្ថានភាពបានធូរស្បើយច្រើនក៏ពិតមែន ក៏មិនត្រូវភ្លេចខ្លួនឡើយ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈទទួល អំណោយពីសប្បុរសជនមកពីមូលនិធិក្រុមគ្រូពេទ្យសប្បុរសប៉ាយសួយឡាវយិនកម្ពុជា មកពីប្រទេសចិន នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលាស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណនូវទឹកចិត្តជ្រះថ្លារបស់សប្បុរសជនទាំងអស់គ្នា ក្នុងគ្រាដ៏លំបាកបានចែករំលែកនូវសម្ភារទាំងនេះ ដើម្បីចូលរួមក្នុងការងារសង្គម ក្នុងការទប់ស្កាត់ និងបង្ការនូវជំងឺ COVID-19។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានជូនពរដល់សប្បុរសធម៌មូលនិធិចិន ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារគ្រប់ៗក្រុមគ្រួសារ ហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺ COVID-19 ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានមក្រិតតិច ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

គួរជម្រាបថា អំណោយសប្បុរសធម៌របស់មូនិធិចិន រួមមានអង្ករ២០តោន មី១០០០កេស ទឹកត្រី និងអំបិលមួយចំនួនទៀតផងដែរ៕