(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ ចំនួនជាង៣០០គ្រួសារ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ទទួលបានអំណោយជាស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារសម្លាប់មេរោគពី ក្លឹបរ៉ូតថារី និងអង្គការក្តីសង្ឃឹម។

ក្នុងឱកាសនោះ កញ្ញា ឡេង ផល្លី ប្រធាន ក្លឹមរ៉ូតថារីភ្នំពេញចតុមុខ បានថ្លែងថា ដោយបច្ចុប្បន្ននេះ មិនថា កម្ពុជានោះទេ គឺបណ្តាប្រទេសលើសកលលោក បាននឹងកំពុងជួបវិបត្តិដោយសារការរាតត្បាតនៃជមងឺកូវីដ១៩ ដូច្នេះ ដើម្បីចូលរួមចូលរួមចំណែក សម្រាលទុកលំបាក ដល់ប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះបំផុតនៅកម្ពុជា និងជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

កញ្ញាថ្លែងបន្ដថា «ត្បិតណាស់កម្ពុជា អត្រាឆ្លងមិនច្រើនដូចបណ្ដាប្រទេសលើសលកលោកនោះទេ ប៉ុន្ដែត្រូវតែបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល គឺត្រូវរក្សាគម្លាត អនាម័យដៃស្អាតលាងជាមួយសាប៊ូ អាកុល ជែល កុំទៅទីប្រជុំជន និងតាមសាធារណៈ បើមិនចាំបាច់ ព្រោះវាងាយឆ្លង និងអាចផ្ទុះឡើងនូវរលកទី២ ដែលបង្កហានិភ័យខ្ពស់ដល់ជីវិត។ ដូច្នេះហើយ ទើបទាមទារឱ្យពលរដ្ឋយើងទាំងអស់កុំភ្លេចការពារខ្លួនឱ្យសោះ ពីជំងឺកូវីដ១៩ វាមិនភ្លេចយើងឡើយ»

នេះមិនមែនជាលើកទីមួយនោះទេ ហើយសម្រាប់គោលដៅនៅមានជាបន្ដបន្ទាប់ ហើយកន្លងមក ក្រុមការងារ «ក្លឹបរ៉ូតថារី» ក៏បាននាំយកនូវសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតាមបណ្ដាគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យធំៗដូចជាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតជាដើម និងតាមមន្ទីរពេទបង្អែកខេត្ដនានា រួមទាំងចុះជួយសម្រាលកាលលំបាក ដល់ប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗទៀត។

សូមជម្រាបថា គម្រោងបរិច្ចាគអំណោយសប្បុរសធម៌ រ៉ូតថារី សហការជាមួយអង្គការក្តីសង្ឃឹម បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខណ្ឌជ្រោយចង្វាររួមមាន៖ អង្ករ, ឃីតមួយមាន (មី, ទឹកត្រី ទឹកស៊ីអ៊ីវ, ម៉ាស អាល់កុល និងជែល និងសម្ភារមួយចំនួនទៀត។

សូមបញ្ជាក់ថា «ក្លឹបរ៉ូតថារី» ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា ដែលមានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ។ អង្គការនេះមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។

សម្រាប់ «រ៉ូតថារីក្លឹបភ្នំពេញចតុមុខ, រ៉ូតថារីក្លឹបភ្នំពេញខេពីថល និងរ៉ូតថារីក្លឹបភ្នំពេញសេនត្រល» ជាសាខានៅក្នុងប្រទេសកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម៕