(ភ្នំពេញ)៖ តំណាងលេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានច្រានចោលរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ពាក់ព័ន្ធការប្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

តំណាងលេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលបានចាត់ទុករបាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) គឺជារបាយការណ៍គ្មានទិន្នន័យច្បាស់លាស់ មិនឆ្លុះបញ្ចាំងការពិត។

តំណាងលេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា គឺជាផ្នែកមួយនៃការ អនុវត្ត ផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខ ។ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់នៅកម្ពុជា គឺជាសំណុំសកម្មភាពមានលក្ខណៈ ពហុវិស័យ ដែលប្រមូលផ្តុំបង្កើតបានជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ហើយ ក៏មិនមែនជាការបង្កើតនូវសង្រ្គាមប្រឆាំងគ្រឿងញៀន ដូចដែលបណ្តាប្រទេស មួយចំនួនបានអនុវត្តកន្លងមក និងដូចអ្វីដែលរបាយការណ៍របស់អង្គការនេះ បានលើកឡើងនោះទេ។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់នៅកម្ពុជាមានគោលបំណង និងគោលដៅច្បាស់លាស់ ក្នុងការជួយសង្គ្រោះសុខុមាលភាព ជោគវាសនា និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការរួមចំណែកជាមួយតំបន់ និងសកលលោក ក្នុងការដោះស្រាយវិបត្តិដែលមានលក្ខណៈជាសកលនេះ។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា បានបង្កើតដោយមានយន្តការ វិធានការច្បាស់ លាស់ ធ្វើសកម្មភាពស្របតាមនិតិវិធីនិងគោលការណ៍ច្បាប់ ព្រមទាំងលើកអាទិភាពដល់ការងារផ្សព្វផ្សាយ អប់រំ ការងារអនុវត្តវិធានការរដ្ឋបាល ក្នុងគោលដៅទប់ស្កាត់ការរីករាលដាល និងការជួញដូរប្រើប្រាស់ ការងារអនុវត្តវិធានការច្បាប់ និងការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយគោរពតាម គោលការណ៍វេជ្ជសាស្រ្ត និងការគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានោះ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ក៏បានលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី និង អន្តរជាតិ ជាពិសេសទទួលបានការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិជាច្រើន ដែលក្នុងនោះ មានអង្គការសហប្រជា ជាតិទទួលបន្ទុកការងារគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ផងដែរ។ រាល់កិច្ចប្រតិបត្តិការអនុវត្តច្បាប់ ត្រូវបានដំណើរការទៅតាមនីតិវិធី ដោយមានការចង្អុលបង្ហាញពីតំណាងស្ថាប័នអយ្យការអមសាលាដំបូង រាជធានី ខេត្ត ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

តំណាងលេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបញ្ជាក់ថា ចាប់តាំងពីយុទ្ធនាការលើកទី១ រហូតមកដល់បច្ចុប្បន្ន(លើកទី៥) ពុំទាន់មានព័ត៌មាន ឬ របាយការណ៍ណាមួយបញ្ជាក់ថា មានមនុស្សស្លាប់ ដោយសារប្រតិបត្តិការអនុវត្តយុទ្ធនាការដ៏អាទិភាពនេះឡើយ។ ផ្ទុយទៅវិញ យុទ្ធនាការនេះបានជួយសង្គ្រោះយុវជន យុវតី រាប់ពាន់នាក់ឱ្យរួចផុតពីគ្រោះថ្នាក់ដោយសារ ការឈ្លក់វង្វេង និងការសេពគ្រឿងញៀនខុសច្បាប់។

៤៖ ពិតណាស់ ជនល្មើស ឧក្រិដ្ឋជនដែលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវតែទទួលទោស ចំពោះមុខច្បាប់ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារជាដាច់ខាត ហើយរហូតដល់បច្ចុប្បន្ននេះ យើងពុំទាន់ ទទួលបាននូវរបាយការណ៍ស្តីពីការធ្វើទារុណកម្មចំពោះជនល្មើស ឬ ឧក្រិដ្ឋជនដែលត្រូវបានចាប់ខ្លួន និង ផ្តន្ទាទោសដាក់ពន្ធនាការនោះឡើយ ។ ប៉ុន្តែដោយក្តីអាណិតស្រឡាញ់ និងស្មារតីគិតគូរអំពីសុខុមាលភាព និងជោគវាសនាប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនៅតែចាត់ទុកអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនគឺជា «ជនរងគ្រោះ» ហើយនៅតែខិតខំប្រឹងប្រែងជម្រុញលើកទឹកចិត្តអោយទៅទទួលសេវាក្នុងការបន្សាប ព្យាបាល ស្ដារនីតិសម្បទាតាមក្បួនវេជ្ជសាស្រ្តនៅតាមមណ្ឌលបណ្ដោះអាសន្ន ឬ ព្យាបាលដោយផ្អែកលើសហគមន៍។ មន្រ្តីអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងតស៊ូប្តូរផ្តាច់ លះបង់អាយុជិវិត ប្រកបដោយឆន្ទៈមុះមុត និងស្មារតីអង់អាចក្លាហាន ពង្រឹងការអនុវត្តច្បាប់និងគោរពសិទ្ធិមនុស្ស ក្នុងការអនុវត្តន៍អោយបានសំរេចនូវ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយបានចាប់ខ្លួនមេក្លោង និងខ្សែរយៈបណ្តាញ ជាច្រើននាក់ ព្រមទាំងរឹបអូសយកសារធាតុញៀនជាច្រើនតោន ដែលត្រូវចែកចាយប្រើប្រាស់ក្នុងប្រទេស និងឆ្លងកាត់ទៅប្រទេសទី៣។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជះឥទ្ធិពលធ្វើអោយបទល្មើសព្រហ្មទណ្ឌមួយ ចំនួនបានថយចុះ ញ៉ាំងអោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម មានភាពល្អប្រសើរ។ ជាមួយគ្នានោះ លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា បានទទួលនូវការស្ញើច សរសើរ និងវាយតម្លៃខ្ពស់ពីសាធារណៈមតិជាតិ និងអន្តរជាតិ ចំពោះការអនុវត្ត ដែលគិតគូរ និងដោះស្រាយបញ្ហាជាពហុវ័យ ដោយមិនផ្តោតទៅលើវិធានការអនុវត្តច្បាប់ តែមួយមុខនោះទេ។

លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ «សូមច្រានចោលរាល់ព័ត៌មាន និងការវាយតម្លៃអំពីស្ថានការណ៍នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលបានចុះ ផ្សាយក្នុងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ដោយហេតុថា របាយការណ៍របស់អង្គការនេះ គឺជារបាយការណ៍វាយតម្លៃដោយអត្តនោម័តិមានលក្ខណៈលម្អៀង ក្បត់មនសិការវិជ្ជាជីវៈ ដោយគ្រាន់តែ ស្រង់យកព័ត៌មានមួយជ្រុងរបស់ពួកអមិត្ត ពួកអគតិ ជាពិសេសបុគ្គលដែលប្រឆាំងថ្នាំងថ្នាក់ជាមួយ រដ្ឋាភិបាល ដូចជាឧក្រិដ្ឋជនគ្រឿងញៀនជាដើម។ របាយការណ៍នេះ ពុំមានលក្ខណៈគ្រប់ជ្រុងជ្រោយ គ្មាន មូលដ្ឋានបង្អែកច្បាស់លាស់និងមិនបានឆ្លុះបញ្ចាំងការពិតនៅកម្ពុជា ផ្ទុយទៅវិញបានបង្ហាញនូវភាពអន់ខ្សោយ របស់ខ្លួន និងគំនិតទុច្ចរិត មានចេតនាប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនលើសកល លោក ដែលចង់រស់នៅក្នុងសង្គមគ្មានការគំរាមកំហែងដោយសារគ្រឿងញៀន»

តំណាងលេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សង្ឃឹមជឿជាក់ថា សាធារណៈ មតិជាតិ និងអន្តរជាតិ នឹងវាយតម្លៃ ផ្តល់នូវភាពយុត្តិធម៌ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញ និងអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជាព្រមទាំង បន្តផ្តល់នូវការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល កាន់ តែសកម្ម ខ្លាំងក្លាថែមទៀត។

តំណាងលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា មជ្ឈដ្ឋានជាតិ និងអន្តរជាតិ នឹងចូលរួម កែលម្អរ ផ្តល់ភស្តុតាងជាក់ស្តែង អំពីទង្វើខុសឆ្គងនានាដែលអាចកើតឡើងក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាក់ជាមិនខាន៕