(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភអំណាច។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

សូមរំលឹកថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅបន្ទាប់ពីរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារ និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែងបាន២ឆ្នាំ។

តុលាការបានចោទសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕