(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ថា កម្ពុជាយើងមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមនៅឡើយ ករណីបណ្តាញព័ត៌មាននៅវៀតណាម និងព័ត៌មានក្នុងស្រុកយើងផ្សព្វផ្សាយថា មានជនជាតិវៀតណាមម្នាក់ត្រូវបានរកឃើញកូវីដ-១៩ ក្រោយធ្វើដំណើរចេញពីកម្ពុជា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូន សាធារណជនទាំងអស់ឲ្យបានជ្រាបថា មកទល់ពេលនេះ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណី ដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ»។
លោកស្រីបានបញ្ជាក់ទៀតថា ម្យ៉ាងទៀតក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណី ដូចការចុះផ្សាយនោះដែរ។ តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា «គ្រប់ព័ត៌មាន ដែលទទួលបានយើងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនេះ។ អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះគឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម បើគិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថារកឃើញវិជ្ជមាននោះ»។
ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ហើយប្រសិនបើយើងមានព័ត៌មាន ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាលនឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡើយ។ នេះជាបន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។
អ្នកនាំពាក្យរូបនេះ ក៏សូមបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា មិនទាន់រកឃើញមានករណីចម្លងវីរុសកូវីដ-១៩ ថ្មីនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហើយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ ប្រសិនបើមានព័ត៌មាន ឫមានបញ្ហាសុខភាពសូមទាក់ទងទៅលេខ ១១៥ ឫទៅស្វែងរកការពិនិត្យព្យាបាល ពីក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។
គួររំលឹកថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)៕