(ភ្នំពេញ)៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិលើអចលនវត្ថុ ជាដីធ្លី ឬផ្ទះសម្បែងជាអាទិ៍ គឺត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់ ដែលផ្ដល់ឱ្យប្រជាពលរដ្ឋអាចគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនបានដោយសេរី។
ជាទូទៅ នៅក្នុងសកម្មភាពនៃការប្រើប្រាស់ និងអាស្រ័យផលនៅលើអចលនវត្ថុ តែងតែកើតមានឡើងនូវវិវាទ ជាពិសេសរវាងទំនាក់ទំនងរបស់កម្មសិទ្ធករនៃអចលនវត្ថុដែលជាប់ព្រំគ្នា ពោលគឺវិវាទរវាងកម្មសិទ្ធិករនៃដីធ្លី ផ្ទះសម្បែង ដែលជាប់ព្រំ (អ្នកជិតខាង) ដែលកើតចេញពីការប្រើប្រាស់ដីធ្លី ឬផ្ទះសម្បែងរបស់ខ្លួននោះ។
ហេតុដូចនេះ ថាតើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់អំពីករណីកិច្ច និងផ្ដល់សិទ្ធិដល់កម្មសិទ្ធិករនៃដីដែលជាប់ព្រំយ៉ាងដូចម្ដេចនោះ?
សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី “សិទ្ធិ និងករណីកិច្ចរបស់កម្មសិទ្ធិករនៃដីជាប់គ្នា” មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖
យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាណាចក្រកម្ពុជា បានកំណត់អំពីសិទ្ធិ និងករណីកិច្ចរបស់កម្មសិទ្ធិករនៃដីដែលជាប់ព្រំគ្នា ដូចខាងក្រោម ៖
១៖ អំពីសិទ្ធិរបស់កម្មសិទ្ធិករនៃដីជាប់ព្រំគ្នា៖
ក* សិទ្ធិប្រើប្រាស់ដីជាប់គ្នា៖ កម្មសិទ្ធិករនៃដីអាចទាមទារប្រើប្រាស់នៃដីជាប់គ្នាបាន ក្នុងទំហំចាំបាច់ដើម្បីធ្វើរបង ឬ សំណង់ ឬជួសជុល របស់ទាំងពីរនេះ នៅព្រំប្រទល់ដី ឬនៅក្បែរព្រំប្រទល់នោះ ។ ប្រសិនបើអ្នកជិតខាងទទួលការខូចខាតដោយសារការសាងសង់ ឬ ជួសជុលនេះ កម្មសិទ្ធិករនៃដីត្រូវបង់ប្រាក់សំណង។
ខ* សិទ្ធិចេញចូលដីបិទជិត៖ ដីដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈ និងដីដែលមានច្រកចេញនោះមិនគ្រប់គ្រាន់ ហើយមានឧបសគ្គ ដ៏ខ្លាំងដើម្បីប្រើប្រាស់ដីនោះ សម្រាប់ការធ្វើកសិកម្ម ឬ ឧស្សាហកម្ម ហៅថាដីបិទជិត។ កម្មសិទ្ធិករនៃដីបិទជិត មានសិទ្ធិស្នើសុំឆ្លងកាត់ដីអ្នកជិតខាងបាន ដោយបង់ប្រាក់សំណងតាមការខូចខាត ដោយសារការឆ្លងកាត់នោះ។ ជាគោលការណ៍ សិទ្ធិឆ្លងកាត់នេះត្រូវរៀបចំតាមទិស ឬផ្លូវដែលមានចម្ងាយជិតបំផុត ពីដីបិទជិតទៅផ្លូវសាធារណៈ។ សិទ្ធិឆ្លងកាត់នេះត្រូវរៀបចំ នៅកន្លែងណាដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់នោះ។ ប្រសិនបើដីបិទជិតកើតចេញពីការបែងចែកដីតាមរយៈការលក់ ការដូ ការចែកមត៌ក ឬកិច្ចសន្យាផ្សេងទៀត សិទ្ធិឆ្លងកាត់អាចស្នើសុំបានតែចំពោះដីដែលនៅសល់ក្រោយការបែងចែកនោះប៉ុណ្ណោះ ហើយកម្មសិទ្ធិករនៃដីបិទជិតមិនចាំបាច់បង់ប្រាក់សំណងឡើយ។
គ* សិទ្ធិប្រើទឹកភ្លៀង ជាអាទិ៍៖ កម្មសិទ្ធិករនៃដីលើមានសិទ្ធិប្រើប្រាស់ទឹកដែលមានប្រភពផុសឡើងនៅលើដីរបស់ខ្លួន និងទឹកភ្លៀងដែលធ្លាក់មកលើដីរបស់ខ្លួន និងមានសិទ្ធិបង្ហូរចោលទឹកទាំងអស់នោះ។
ឃ* សិទ្ធិធ្វើផ្លូវទឹកដើម្បីស្រោចស្រព៖ កម្មសិទ្ធិករដែលចង់ឱ្យទឹកដែលខ្លួនមានសិទ្ធិប្រើប្រាស់ដើម្បីស្រោចស្រពលើដីរបស់ខ្លួន អាចធ្វើ និងរក្សាទុកនូវផ្លូវទឹកឆ្លងកាត់ដីដែលស្ថិតនៅចន្លោះប្រភពទឹកនឹងដីរបស់ខ្លួនបាន ដោយបង់ប្រាក់សំណងនៃការខូចខាតដល់កម្មសិទ្ធិករនៃដីដែលត្រូវឆ្លងកាត់នោះ។
ង* សិទ្ធិបង្ហូរចោលទឹកស្រោចស្រព៖ កម្មសិទ្ធិករនៃដីអាចបង្ហូរចោលទឹកដែលបានស្រោចស្រពហើយលើដីរបស់ខ្លួន ឆ្លងកាត់ដីក្រោមបានដោយបង់ប្រាក់សំណង ដល់កម្មសិទ្ធិករនៃដីក្រោមនោះ។
ច* សិទ្ធិបង្ហូរទឹកចោលនៃកម្មសិទ្ធិករនៃដីលិចទឹក៖ កម្មសិទ្ធិករនៃដីលិចទឹកទាំងស្រុង ឬ មួយចំណែក អាចបង្ហូរទឹកដែលបណ្ដាលឱ្យមានការខូចខាតចេញពីដីរបស់ខ្លួនបាន លុះត្រាតែគោរពបញ្ញត្ដិនៃច្បាប់ ឬ បទដ្ឋានគតិយុត្ដិស្ដីពីអនាម័យ។
ឆ* សិទ្ធិលើក និងសិទ្ធិប្រើប្រាស់ទំនប់ ជាអាទិ៍៖ កម្មសិទ្ធិករនៃដីជាប់មាត់ទន្លេរ ស្ទឹង ឬ ព្រែក ដែលចង់ប្រើប្រាស់ទឹកទន្លេ ស្ទឹង ឬព្រែក ដើម្បីស្រោចស្រពលើដីរបស់ខ្លួន អាចធ្វើសិល្បៈការ្យ (សំណង់) ចាំបាច់ដើម្បីយកទឹកនៅលើដីដែលស្ថិតក្នុងមាត់ទឹកម្ខាងទៀតបាន ដោយបង់ប្រាក់សំណងដល់កម្មសិទ្ធិករនៃដីនៅមាត់ទឹកម្ខាងទៀត។ កម្មសិទ្ធិករនៃដីដែលអនុញ្ញាតឱ្យ ធ្វើសល្បៈការ្យនៅលើដីរបស់ខ្លួន អាចទាមទារប្រើប្រាស់រួមនូវទំនប់ទឹក ជាអាទិ៍ ពីអ្នកដែលបានធ្វើសីល្បៈការ្យនោះបាន ដោយយកល័ក្ខខ័ណ្ឌទទួលបន្ទុកពាក់កណ្ដាលនៃសោហ៊ុយធ្វើ និង ថែទាំ។ ក្នុងករណីនេះ អ្នកដែលបានធ្វើសល្បៈការ្យពុំមានករណីកិច្ចបង់ប្រាក់សំណងដែលបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះទេ ហើយអាចទាមទារឱ្យសងសំណងដែលខ្លួនបានបង់ហើយវិញបាន។
២៖ ករណីកិច្ចរបស់កម្មសិទ្ធិករដែលជាព្រំគ្នា៖
ក* ករណីកិច្ចទទួលទឹកហូរពីធម្មជាតិ៖ កម្មសិទ្ធិករនៃដីក្រោមមានករណីកិច្ចទទួលទឹកហូរពីធម្មជាតិពីដីលើ។ កម្មសិទ្ធិករនៃដីក្រោមមិនអាចលើកទំនប់ ភ្លឺ របាំង ឬ ការ្យផ្សេៗទៀត ទប់មិនឱ្យទឹកហូរបានឡើយ។ កម្មសិទ្ធិករនៃដីលើមិនអាចធ្វើអំពើអ្វីបន្ថែមបន្ទុករបស់កម្មសិទ្ធិករនៃដីក្រោមបានឡើយ។ ពេលមានការប្រែប្រួលដោយប្រធានសក្ដិ ដែលគ្មានការទទួលខុសត្រូវរបស់ភាគី ធ្វើឱ្យរាំស្ទះទឹកហូរនៃដីក្រោម កម្មសិទ្ធិករនៃដីលើអាចធ្វើប្រឡាយឱ្យទឹកហូរដោយចេញសោហ៊ុយផ្ទាល់ខ្លួនបាន។
ខ* ករណីកិច្ចរក្សាការពារទឹកហូរ៖ កម្មសិទ្ធិករនៃដីដែលស្ថិតនៅជាប់ផ្លូវទឹកហូរ មានករណីកិច្ចទុកឱ្យទឹកហូរទៅលើដីអ្នកជិតខាង តាមតម្រូវការនៃកសិកម្ម ហើយកម្មសិទ្ធិករនៃដីជិតខាងក៏មានករណីកិច្ចដូចគ្នាដែរ ដោយយោគយល់ចំពោះដីដែលនៅឆ្ងាយទៀត។
គ* អំពើដែលរំខានដល់ជីវភាពរស់នៅ៖ កម្មសិទ្ធិករដែលមានបំណធ្វើនៅលើដីរបស់ខ្លួន នូវអំពើដែលនឹងអាចរំខានដល់ជីវភាពរស់នៅរបស់អ្នកជិតខាង ដោយការខួងអណ្ដួង ការជីកស្ទង់ ការជីករុករក ឬដោយការទុកវត្ថុមានគ្រោះថ្នាក់ វត្ថុដែលរំខានដល់អ្នកដទៃ ឬវត្ថុគ្មានអនាម័យ ត្រូវអនុលោមតាមច្បាប់ពិសេសដែលកំណត់អំពីចម្ងាយដែលត្រូវគោរព និងអំពើដែលត្រូវអនុវត្ដ។
ឃ* ករណីដាក់ដាក់រនាំងបាំងនៅបង្អួច កើយ ជាអាទិ៍៖ អ្នកដែលធ្វើបង្អួច កើយ ឬ សិល្បៈការ្យប្រហាក់ប្រហែលរបស់ទាំងអស់នេះ ដែលសម្លឹងទៅឃើញដី ផ្ទះអ្នកជិតខាងនោះ នៅចម្ងាយតិចជាង ២ (ពីរ) ម៉ែត្រពីព្រំដីអ្នកជិតខាងត្រូវដាក់រនាំងបាំង។
ង* ដើមឈើនៅជិតព្រំ៖ កម្មសិទ្ធិករនៃដី មិនអាចដាំដើមឈើ គុម្ពោត ឬចុល្លព្រឹកដែលមានកម្ពស់លើសពី ២ (ពីរ) ម៉ែត្រ ក្នុងចម្ងាយ ០២ (ពីរ) ម៉ែត្រពីព្រំប្រទល់ដីអ្នកជិតខាងឡើយ។ ក្នុងករណីដែលមានការបំពានដោយកម្មសិទ្ធិករនៃដីជិតខាង កម្មសិទ្ធិករនេះ មានករណីកិច្ចដកចេញតាមការទាមទាររបស់កម្មសិទ្ធិករនៃដីជិតខាង។ នៅពេលដែលមែកឈើ ឬ ឫសឈើនៃដីជិតខាងបានលយចូលមកដីរបស់ខ្លួន កម្មសិទ្ធិករនៃដីអាចយកផលពីមែកឈើ ឬ ឫសឈើនោះ ឬ កាប់មែកឈើ ឬ ឫសឈើនោះបាន។
សរុបមក ទំនាក់ទំនងរវាងដីដែលជាប់គ្នា គឺត្រូវបានច្បាប់កំណត់អំពីសិទ្ធិ និងករណីយកិច្ចក្នុងការប្រើប្រាស់ដីរបស់កម្មករនៃដីដែលជាប់គ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់របស់ដីរបស់អ្នកដទៃទៅតាមស្ថានភាពដូចបានរៀបរាប់ខាងលើ និងជៀសវាងការរារាំង ឬបំពានណាមួយពីកម្មសិទ្ធិករនៃដីជិតខាង។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និង រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖[email protected] (អ៊ីម៉ែល៖[email protected]) គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕