(ភ្នំពេញ)៖ ករណីក្មេងស្ទាវកាប់គ្នា កាលពីខែមេសា ឆ្នាំ២០២០ នៅម្ដុំផ្សារអ៉ីឌិនហ្គាឌិន ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានជនសង្ស័យ ៥នាក់ជាបន្ដបន្ទាប់ ក្នុងនោះ មានម្នាក់តាមចាប់បាននៅចំណុចភ្នំដងរែកភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
របាយការណ៍របស់សមត្ថកិច្ចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តឧត្ដរមានជ័យ និងកម្លាំងវរការពារព្រំដែនលេខ៩០៥។
របាយការណ៍បានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ប្រាក់ កាណាន់ ហៅគោដុត អាយុ២០ឆ្នាំ (អ្នកយកកាំបិតប៉័ងតោកាប់ជនរងគ្រោះ) ឃាត់ខ្លួនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភ្នំដងរែក, ទី២៖ឈ្មោះ លីម លីលី ហៅបុត្រា អាយុ១៧ឆ្នាំ ឃាត់ខ្លួនថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្សារអ៊ីអន២ ខណ្ឌសែនសុខ, ទី៣៖ឈ្មោះ គង់ សុខទីន ហៅទីន អាយុ១៧ឆ្នាំ ឃាត់ខ្លួនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្សារអ៊ីអន២, ទី៤៖ឈ្មោះ ឈឹម ពេជ្រមរកត ហៅស៊ូសី ភេទស្រី អាយុ១៨ឆ្នាំ និងទី៥៖ឈ្មោះ ជា បញ្ញា ហៅញ៉ាតូច អាយុ១៩ឆ្នាំ ឃាត់ខ្លួនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខសណ្ឋាគារសុខា ខណ្ឌជ្រោយចង្វារ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HT-9788, ទូរស័ព្ទដៃម៉ាក iPhone X ពណ៌ស, ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ យ4996 ភព1 និងទូរស័ព្ទដៃម៉ាក OPPO ពណ៌ស។ ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ជុន ស៊ីង អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ១៧០ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅគោដុត និងបក្ខពួកប្រហែល១៣នាក់ ជិះម៉ូតូចំនួន០៧គ្រឿង នៅពេលក្រុមជនសង្ស័យ និងបក្ខពួក កំពុងនាំគ្នាអង្គុយលេងនៅម៉ាតក្នុងកាំកូស៊ីធី ស្រាប់តែជនរងគ្រោះ ឈ្មោះ ជុន ស៊ីង និងបក្ខពួកមានគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន០៤គ្រឿង បានយកដុំថ្មជាច្រើន ដុំគប់មកលើត្រូវជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅ គោដុត និងបក្ខពួកប៉ុន្តែពុំបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។
បន្ទាប់ពីជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួក យកដុំថ្មគប់មកលើជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅគោដុត និងបក្ខពួករួចហើយ ជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួកក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមនោះជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅគោដុត និងបក្ខពួក បាននាំគ្នាជិះម៉ូតូដេញតាមជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួក ពេលមកដល់រង្វង់មូលកាំកូស៊ីធី ជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត បានឃើញគេអូសរឺម៉កលក់ដូង មានកាំបិតប៉័ងតោ ជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត ក៏ទាញយកកាំបិតប៉័ងតោពីលើរឺម៉កលក់ដូង ហើយបន្តជិះម៉ូតូដេញតាមជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួក។
រហូតដល់ចំណុចកើតហេតុ ស្រាប់តែបក្ខពួករបស់ជនរងគ្រោះ មានកាំបិតកែច្នៃចំនួន០២ដើម កាន់ម្នាក់មួយដើមគ្រវៀស ក្នុងបំណងគប់មកលើជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅគោដុត តែមិនត្រូវពេលនោះជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត បានជិះទៅអែបម៉ូតូជនរងគ្រោះ ពេលនោះជនរងគ្រោះឈ្មោះ ជុន ស៊ីង ភ័យហើយបានបើកម៉ូតូបុកចិញ្ចើមថ្នល់ដួលម៉ូតូ។
ភ្លាមនោះជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត បានចុះពីលើម៉ូតូយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះឈ្មោះ ជុន ស៊ីង ត្រូវស្លឹកត្រចៀកខាងឆ្វេង ក្បាល កដៃឆ្វេង ជើងឆ្វេង រងរបួសជាទម្ងន់។ ចំណែកបក្ខពួកផ្សេងទៀត បានចុះពីលើម៉ូតូទៅវាយ ទាត់ធាក់លើជនរងគ្រោះឈ្មោះ ជុន ស៊ីង បន្ថែមហើយឈ្មោះ ថា បានយកដំបងវាយទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាត រួចជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅគោដុត និងបក្ខពួកនាំគ្នា បើកម៉ូតូគេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះឈ្មោះជុន ស៊ីង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត៕