(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតជូនពរ ដល់កកម្លាំងនគរបាលជាតិទូទាំងខេត្ត ក្នុងទិវារំឮកខួបអនុស្សារវីយ៍លើកទី ៧៥ ថ្ងៃបង្កើតនគរបាលជាតិ។
នាឱកាសដ៏វិសសវិសាលនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត សូមសម្តែងនូវមនោសញ្ចេតនា ចូលរួមអបអរសាទរដោយក្តីរំភើបរីករាយ និងសូមផ្ញើជូននូវការសាកសួរសុខទុក្ខចំពោះនាយ នាយរង និងពលនគរបាលជាតិទូទាំងខេត្តកំពង់ឆ្នាំង ដែលជាកម្លាំងដ៏មុតស្រួចក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសផ្ញើជូនចំពោះនិវត្តជននគរបាលទូទាំងខេត្ត ក៏ដូចជាក្រុមគ្រួសារ សាច់ញាតិ សូមមានសុខភាពល្អ បរិបូរណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្ត សូមឧទ្ទិសទិវាជាប្រវត្តិសាស្ត្រនេះ ជូនដល់ដូងវិញ្ញាណក្ខន្ធបុព្វបុរសរៀមច្បង និងនិវត្តជននគរបាលជាតិ គ្រប់ជំនាន់ ដែលបានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាច ក្លាហាន ស្នាដៃប្រកបដោយកិត្តិយស និងបទពិសោធន៍ដ៏មានតម្លៃ សម្រាប់នគរបាលជំនាន់ក្រោយ សិក្សារៀនសូត្រយកជាគំរូក្នុងការបំពេញការងារ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ វីរភាពនៃកងកម្លាំងនគរបាលគ្រប់ជំនាន់ ដែលធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ច បម្រើសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយសីលធម៌ គុណធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់ ប្រកបដោយកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕