(ឧត្តរមានជ័យ)៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងកុដិព្រះសង្ឃ សាលាឆាន់សរុប ២៧ខ្នង ត្រូវបានរងការខូចខាតដោយរលំ និងបើកដំបូលទាំងស្រុង ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ស្ថិតនៅឃុំចំនួន២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងហេតុការណ៍នេះក៏បណ្តាលឲ្យសត្វគោ១ក្បាលងាប់ ដោយសាររលំដើមឈើសង្កត់ផងដែរ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ កុដិព្រះសង្ឃ សាលាឆាន់សរុប២៧ខ្នងរងការខូចខាត នៅក្នុឃុំចំនួន២ ក្នុងឃុំអន្លង់វែង និងឃុំលំទង ជាមួយគ្នានោះសត្វគោ ១ក្បាលបានងាប់ដោយសារដើមឈើរលំសង្កត់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅក្នុងឃុំអន្លង់វែងរបើកដំបូលផ្ទះចំនួន១៣ខ្នង និងងាប់គោ១ក្បាល ចំណែកនៅក្នុងឃុំលំទងរលំរោងទទួលភ្ញៀវក្នុងវត្ត១ខ្នង របើកដំបូលសាលាឆាន់ របើកដំបូលកុដិ២ខ្នង និងរបើកដំបូលផ្ទះប្រជាពលរដ្ឋ១២ខ្នងផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ៕