(កណ្ដាល)៖ លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា និងជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានការសាទរយ៉ាងខ្លាំងពីពលរដ្ឋខ្មែរ មូស្លីមទូទាំងប្រទេស ខណៈលោកបាននាំយកកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនចំនួន៦ពាន់កញ្ចប់ ចែកជូនបងប្អូនមូស្លីមនៅតាមបណ្ដាភូមិនានាទូទាំងប្រទេស។
ដោយឡែក សម្រាប់កាយវិការនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងសរសើរមិនដាច់ពីមាត់ពីសំណាក់បងប្អូនខ្មែរមូស្លីមនូវសកម្មភាពមនុស្សធម៌ ដ៏មហាបវរប្រសើរសក្ដិសមជាមន្ត្រី ដ៏ល្អរបស់គណបក្ស ប្រជាជនកម្ពុជា ហើយកម្មវិធីមនុស្សធម៌នេះទៀតរឹតតែធ្វើពលរដ្ឋខ្មែរមូស្លីមស្រលាញ់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាន់តែខ្លាំងឡើងផងដែរ។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News កាលពីថ្ងៃទី១៦ ខែឧសភានេះ លោក សុះ មូហាំម៉ាត់ បានឲ្យដឹងថា «អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន» ដែលបាននាំនូវសុខ សន្តិភាព ស្ថេរភាព ការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏មានការរីកចម្រើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ ដែលអាចទ្រគ្រប់ស្ថានការណ៍ នៃបញ្ហាជំងឺទាំងអស់ មិនថាCOVID-19ឡើយ ពោលគឺជំងឺធ្ងន់ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ ពិសេសអ្នកជំងឺទាំងអស់ត្រូវបានព្យាបាលឲ្យជាសះស្បើយ១០០%ផងដែរ។
ស្ថិតនៅក្នុងឱកាសចែកអំណោយនេះដែរ លោក សុះ មូហាំម៉ាត់ បានប្រាប់ពលរដ្ឋទាំងថា សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ សូមបន្តការការពារខ្លួន ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នាពីមាត់មួយទៅមាត់មួយឲ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឲ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយកុំមានការតក់ស្លត់ កុំភ័យជ្រុលខ្លាំងពេក កុំជឿព័ត៌មានក្លែងក្លាយជាដើម។
គួរជម្រាបថា សមាគមប្រភពល្អ ដែលមានលោក សុះ មូហាំម៉ាត់ ជាប្រធាន បាននាំយកជំនួយពីរដ្ឋគូវែត មកជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរមូស្លីមបានយ៉ាងច្រើន ក្រាស់ក្រែល ខណៈសកម្មភាពមនុស្សធម៌របស់លោកទីប្រឹក្សាសម្ដេចក្រឡាហោមរូបនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់បងប្អូនខ្មែរ មូស្លីមទូទាំងប្រទេសនូវស្នាដៃជាច្រើនដែលលោកបានជួយ ពិសេសអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវគុណូបការៈដ៏ថ្លៃថ្លាដែលសម្ដេចទាំងទ្វេ បាននាំនូវសន្តិភាព ការផ្ដល់នូវសិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងពេញលេញ និងធ្វើបានល្អនូវគោលនយោបាយសុខដុមនីយកម្មសាសនានៅកម្ពុជា ដែលសម្ដេចទាំងទ្វេ ទទួលបានការសរសើរពីអង្គសហប្រតិបត្តិការឥស្លាម OIC ដែលមានប្រទេសមហាសេដ្ឋីអារ៉ាប់ចំនួន៥៣ប្រទេស កោតសរសើរមិនដាច់ពីមាត់ផងដែរ៕