(កំពង់ធំ)៖ ចំណាត់ការដ៏ម៉ឺងម៉ាត់ និងមិនយោគយល់ចំពោះមន្ដ្រីនគរបាលជាតិ មានតួនាទីជាប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពីសំណាក់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានទទួលការសាទរ និងគាំទ្រយ៉ាងពេញទំហឹងរបស់មន្ដ្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់រងគ្រោះ និងឈឺចាប់ដោយមន្ដ្រីនគរបាលរូបនេះ។
មន្ដ្រីសាលាខេត្តកំពង់ធំ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ដោយអរគុណយ៉ាងខ្លាំងចំពោះអគ្គស្នងការនគរបាលជាតិ ដែលបានចាត់វិធានការណ៍ តាមវិន័យកងកម្លាំងទៅលើ នាយការិយាល័យចរាចរណ៍ជើងគោក ខេត្តកំពង់ធំ លោកវរសេនីយ៍ឯក រុំ សុវិជ្ជា ដែលជាការផ្ដល់យុត្តិធម៌មួយ ជូនអ្នកខេត្តកំពង់ធំ ដែលត្រូវបានបុគ្គលរូបនេះ ទាមទារលុយកាករាប់រយ រាប់ពាន់ដុល្លារ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ និងពេលចូលខ្លួនទៅដោះស្រាយបញ្ហាចរាចរណ៍។
មន្ដ្រីសាលាខេត្តកំពង់ធំ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាអរគុណណាស់ នៅពេលលឺថា ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានបញ្ឈប់ការងារ ប្រធានការិយាល័យចរាចរណ៍រូបនេះ និងធ្វើលិខិតទៅសម្ដេចក្រឡាហោម ដើម្បីដកតំណែងចេញ។ ក្នុងនាមខ្ញុំជាមន្ដ្រីរាជការម្នាក់ ពិតជាគាំទ្រខ្លាំងណាស់»។
មន្ដ្រីរាជការរូបនេះ បានលួចបង្ហើបទៀតថា មានជនរងគ្រោះជាច្រើននាក់ ដែលឈឺចាប់ ខាតលុយរាប់សិបដុល្លារ ដោយសារតែមន្ដ្រីនគរបាលរូបនេះគៀបយក ពេលមានបញ្ហាចរាចរណ៍ម្ដងៗ ហើយតែងតែយកឈ្មោះថ្នាក់ដឹកនាំអគ្គមកគំរាម ដោយមិនត្រឹមប៉ះពាល់ថ្នាក់លើនោះទេ តែសតិអារម្មណ៍ប្រជាជន គឺប៉ះខ្លាំងមែនទែន។
រីឯមន្ដ្រីនគរបាលខ្លះទៀត នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏ចេញមកសាទរចំពោះចំណាត់ការរបស់អគ្គស្នងការនគរបាលជាតិនេះផងដែរ ដោយលោកចាត់ទុកថា ដូចដកបន្លាដ៏មុតស្រួចមួយ ចេញពីអង្គភាព ហើយនេះគឺជាការកាត់សាច់ស្អុយចេញ មិនឲ្យក្លាយជាជំងឺមហារីកកាន់តែធ្ងន់ធ្ងរ សង្គ្រោះលែងបាននោះឡើយ។
តាមមន្ដ្រីនគរបាលរូបនេះ ដែលមានតួនាទីធំគ្រាន់បើ បានលើកឡើងថា ប្រធានការិយាល័យចរាចរណ៍រូបនេះ មិនដែលស្ដាប់បទបញ្ជា ថ្នាក់ដឹកនាំស្នងការ នៅក្នុងខេត្តនោះឡើង ពីព្រោះមួយមាត់ណាក៏យកឈ្មោះថ្នាក់ដឹកនាំអគ្គទៅប្រើដែរ ហើយពេលប្រជុំជួរម្ដងៗ ឬមានបទបញ្ជាអ្វីពីស្នងការក៏រូបគេមិនខ្ចីអនុវត្តនោះដែរ។
ក្រៅពីមន្ដ្រីរាជការ និងសមត្ថកិច្ច ប្រជាពលរដ្ឋដែលលេង Facebook បានចូលទៅ Comment និង Share ជាច្រើនហើយសាទរចំពោះចំណាត់ការ ដ៏មានប្រសិទ្ធភាពមួយនេះ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានចេញលិខិតសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះនាយការិយាល័យ ចរាចរណ៍ជើងគោករូបនេះ ពាក់ព័ន្ធបើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗទៅលើអភិបាលខេត្តកំពង់ធំ។
ជាមួយគ្នានេះ មន្រ្តីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបន្ថែមផងដែរថា ក្រោយចេញលិខិតនេះរួច អគ្គស្នងការនគរបាលជាតិ បានត្រៀមលិខិតមួយទៀត ស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីដកតំណែងចោលតែម្តង។
សូមបញ្ជាក់ថា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ (សូមមើលរូបភាពខាងក្រោម)។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បណ្តាលមកពីជាតិស្រវឹងខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្ត បានបញ្ជាក់ថា មន្ត្រីនគរបាលដែលជាបក្ខពួក ហើយបានរំដោះយកលោក រុំ សុវិជ្ជា ចេញមិនឲ្យសមត្ថកិច្ចក្រុងស្ទឹងសែន អនុវត្តច្បាប់ រួមមាន៖
*លោកវរសេនីយ៍ត្រី ហួ គឹមហ៊ត នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច
*លោកអនុសេនីយ៍ឯក សេង សុខចំរើន នាយរងផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក
*លោកអនុសេនីយ៍ទោ វ៉ាន់ កុសល មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក។
លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។
ជាមួយគ្នានេះ លោក រុំ សុវិជ្ជា ក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងដែរ ពេលដែលរូបគាត់បានចូលទៅអុកឡុក រករឿង នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៕