(រតនគិរី)៖ យ៉ាងហោចណាស់មនុស្សប្រុស-ស្រីពីរនាក់ ត្រូវគ្រោះធម្មជាតិរន្ទះបាញ់ត្រូវ ប៉ុន្តែមិនស្លាប់ទេ គ្រាន់តែបណ្តាលឲ្យរបួសធ្ងន់ និងស្រាលតែប៉ុណ្ណោះបន្ទាប់ពីភ្លៀងធ្លាក់មួយមេធំ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឡាំងឡាវ ឃុំកោះប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ ជនរងគ្រោះថ្នាក់បណ្តាលមកពីរន្ទះបាញ់ទាំងពីរ មានទីលំនៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកវ៉ឺនសៃ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់នោះ រួមមាន៖
* ឈ្មោះ ហយ ណៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ (របួសស្រាល)
* ឈ្មោះ ម៉ុង ពេម ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ (របួសធ្ងន់)។
មន្ត្រីនគរបាលខាងលើបញ្ជាក់ទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ បានទៅលេងបងប្អូន គ្រានោះក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រាប់តែរន្ទះបានបាញ់ផ្ទាំងសូឡា បណ្តាលឲ្យប៉ះជនរងគ្រោះនៅក្បែរនោះ បង្កឲ្យរងរបួសអ្នកទាំងពីរតែម្តង។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពកាចូន។ ជាមួយនឹងករណីរន្ទះបាញ់ខាងលើនេះដែរ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តរតនគិរី សំណូមពរប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវភ្លៀងធ្លាក់មកដល់ហើយ ដែលបណ្តាលឲ្យមានគ្រោះធម្មជាតិផ្សេងៗ៕