(ភ្នំពេញ)៖ មេបញ្ជាការបញ្ជូនសារកងទ័ពជើងគោក បានទទួលរថយន្តចំនួន១គ្រឿងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីប្រតិបត្តិការប្រចាំថ្ងៃសំដៅធានានូវប្រសិទ្ធភាពការងាររបស់ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក។
ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស មេបញ្ជាការបញ្ជូនសារកងទ័ពជើងគោក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយដ៏ថ្លៃថ្លានេះ តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការគិតគូរពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់កងទ័ព។ ជាក់ស្ដែងអំណោយជារថយន្តនេះ គឺជាការរួមចំណែកក្នុងការដឹកជញ្ជូន និងប្រតិបត្តិការការងារប្រចាំថ្ងៃរបស់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោកឲ្យកាន់តែមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះផងដែរ មេបញ្ជាការបញ្ជូនសារជើងគោកជើងគោក ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលទទួលមរណភាពនាពេលថ្មីៗកន្លងទៅនេះ។ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនាទៅចាប់បដិសន្ធិនៅឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មែ ស៊ីថន តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើពិធីប្រគល់រថយន្ត Mazda០១ គ្រឿងជូនដល់មេបញ្ជាការ បញ្ជូនសារកងទ័ពជើងគោក ដែលពិធីនេះមានការចូលរួមពីសំណាក់នាយទាហាននៅក្នុងអង្គភាពនេះផងដែរ៕