(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវភ្លើងឆេះនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា៖
*ទី១៖ ម្ចាស់ផ្ទះឈ្មោះ ខាំ ស៊ីង ភេទប្រុស អាយុ៥៨ឆ្នាំ បន្ទុក២នាក់ ស្រី១នាក់ ទំហំផ្ទះ ១២ម៉ែត្រ គុណនឹង១៥ម៉ែត្រ ឆេះទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិរាប់ម៉ីនដុល្លារ
*ទី២៖ ម្ចាស់ផ្ទះឈ្មោះ តាន់ សុភាន់ ភេទប្រុស អាយុ៥៥ឆ្នាំ រួមបន្ទុក ៥នាក់ ស្រី៣នាក់ ខូចខាតជញ្ជាំងផ្ទះមួយចំហៀង ទំហំផ្ទះ ១២ម៉ែត្រ គុណនឹង១៥ម៉ែត្រ។
កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ បានបញ្ជាក់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុនៅវេលាម៉ោងប្រហែល១០ គេឃើញភ្លើងឆេះចេញពីជាន់លើពីផ្ទះឈើមួយសន្ទុះ ស្រាប់តែភ្លើងឆេះពេញបន្ទុកស្របពេលនោះមានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញពីកន្លែងភ្លើងឆេះ ហើយជួយបាញ់ទឹកពន្លត់ដែរតែដោយសារតែភ្លើងឆេះពេញ បន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។
ភ្លាមនោះដែរ គេបានឃើញរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកអូរជ្រៅអស់ចំនួន ២ឡាន មានកម្លាំងរបស់នគរបាលពន្លត់អគ្គិភ័យ កម្លាំងរបស់អាវុធហត្ថខេត្ត កម្លាំងរបស់យោធា និង មន្ត្រីមូលដ្ឋានស្រុកអូរជ្រៅ និងកម្លាំងឃុំបានពួកដៃគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ ដោយសារកម្លាំងទឹកបាញ់ចេញពីរថយន្ត ធ្វើឲ្យភ្លើងស្រាកម្តងមន្ទិចៗជាច្រើនម៉ោង។
ក្រោយមកទើបភ្លើងរលត់អស់ទាំងស្រុង មិនបណ្តាលឲ្យរាលឆ្លងឆេះដល់ផ្ទះជិតខាងឡើយគ្រាន់តែឆ្លងផ្ទះជិតខាងអស់ ១ចំហៀង។ កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងទៀតថា ទ្រព្យសម្បត្តិក្នុងផ្ទះភ្លើងឆេះអស់ទាំងស្រុងបើគិតជាទឹកប្រាក់ប្រហែលរាប់ម៉ឺនដុល្លាផងដែរ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ភ្លើងឆេះនេះអាចទុស្សេខ្សែភ្លើង។ ក្រោយពីកើតហេតុហើយម្ចាស់បានតែអង្គុយមើលទ្រព្យសម្បត្តិដែលត្រូវភ្លើងស្ទើរតែសន្លប់បាត់បង់ស្មារតីទាំង ប្តី ប្រពន្ធតែប៉ុណ្ណោះ៕