(កំពង់ស្ពឺ)៖ ទោះបីស្ថានការណ៍កម្ពុជានាពេលបច្ចុប្បន្ននេះពុំមានករណីឆ្លងជំងឺកាចសាហាវកូវីដ១៩ ក្តី ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តធ្វើការផ្សព្វផ្សាយ អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្នុងតំបន់ដាច់ស្រយ៉ាមួយចំនួន ដែលនៅភូមិ ឃុំ មួយចំនួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងយ៉ាងខ្លាំងបំផុត ចំពោះជំងឺកាចសាហាវ (កូវីដ១៩) មួយប្រភេទនេះ។
ការបន្តចុះផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងមានការចូលរួមពីលោកវេជ្ជបណ្ឌិតគិន ប៊ុនលី, លោកវេជ្ជបណ្ឌិត ភោគ គីន, លោកមវេជ្ជបណ្ឌិត ស៊ុន គង់, លោក វង្ស វ៉ាន់នី, លោក ពាង ផារ័ត្ន, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី, លោកវេជ្ជបណ្ឌិត លន់ សាយតេង, លោក ស៊ឹម ស៊ីដា, លោក ឈាង ហឿន អនុប្រធានប្រតិបត្តិ រួមនឹងវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ដែលជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឱរ៉ាល់ បូករួមនឹងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៣៩រូបផ្សេងទៀត។
ដំណើរចុះណែនាំ និងផ្សព្វផ្សាយរបស់ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ, លោក ចែម សារឹម ប្រធានក្រុមប្រឹក្សាស្រុកឱរ៉ាល់, ក្រុមការងារគណបក្សស្រុក, គណបក្សឃុំតាសាល, មណ្ឌលសុខភាព ជា ស៊ឹមឱរ៉ាល់ រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជាសរុប២៥រូប។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។
ជាងនេះទៅទៀត ក្រុមការងាគ្រូពេទ្យទាំងអស់ក៏បានចែកជូនថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ រួមមានជំងឺ៖ ជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង និងជំងឺក្រពះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានគោលបំណងធំបំផុតគឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
ក្រៅពីការចុះណែនាំ ផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ក៏បានចែកជូននូវនំប៉័ង និងទឹកបរិសុទ្ធជូនប្រជាពលរដ្នចំនួន៣០ខ្នងផ្ទះ សរុបមានចំនួន១៧៨នាក់។
ក្រៅពីការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំសម្ភារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖
១៖ ម៉ាស៊ីនវាស់កំដៅ ១គ្រឿង សម្រាប់ប្រើប្រាស់នៅរដ្ឋបាលប្រចាំការតំបន់រលាក់កងជើង ភូមិតាំងបំពង់ ឃុំតាសាល
២៖ ម៉ាស៊ីនវាស់កំដៅចំនួន ១គ្រឿង សម្រាប់ប៉ុស្តិសុខ ភាពរលាក់កងជើង ភូមិតាំងបំពង់
៣៖ ទឹកអាល់កុល ៣ធុងចំណុះ ៩០លីត្រ
៤៖ ទឹកអាល់កុល និងដបបាញ់ធំ ចំនួន ១០ដប
៥៖ ទឹកអាល់កុល និងដបបាញ់តូច ចំនួន ៤០ដប
៦៖ មី ១០កេស
៧៖ នំប៉័ង ២០០ដើម
៨៖ ទឹកសុទ្ធ ៥០០ដប
៩៖ សាប៊ូ ១០០ដុំ
១០ ម៉ាស់ ចំនួន ៥០០
១១៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីដ១៩ ចំនួន ១០០សន្លឹក។
សូមជម្រាបជូនថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលអ្នកជំងឺទាំង១២២នាក់ បានជាសះស្បើយ ធ្វើឲ្យកម្ពុជាមិនមានករណីឆ្លងកូវីដ១៩ទៀតនោះទេ៕