(ភ្នំពេញ)៖ ឆ្លើយសំណួរសារព័ត៌មាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងចំនួន៣ចំណុច អំពីកិច្ចជំនួបការងារជាមួយក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងយុត្តិធម៌។
ប្រសាសន៍សំខាន់ៗ៣ចំណុចនេះ រួមមាន៖
១៖ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃយ៉ាងខ្ពស់នូវ រាល់គ្រប់ចំណុចនៃខ្លឹមសារដែល លោករដ្ឋមន្ត្រីថ្មី វ័យក្មេងក្រសួងយុត្តិធម៌ ដែលរ៉ាប់រងភារកិច្ចដ៏ធ្ងន់ធ្ងរនេះ បានរៀបចំយ៉ាងឈ្លាសវៃ ស្របតាមគតិយុត្ត និងបច្ចេកទេសដើម្បីគាំទ្រ និងជួយដល់តុលាការរាជធានី-ខេត្ត ក្នុងការដោះស្រាយការកកស្ទះសំណុំរឿង។ ការពិតទៅ ពិតមែនតែនេះជាយុទ្ធសាស្ត្រជួយដល់តុលាការក្នុងការដោះស្រាយការកកស្ទះសំណុំរឿង តែខ្លឹមសារជ្រាលជ្រៅជាងនេះទៅទៀត គឺជាការពង្រឹងនូវគុណភាពរបស់តុលាការ មានន័យថា មិនមែនត្រូវតែដោះស្រាយសំណុំរឿងគិតតែពីលឿន ហើយមិនគិតអំពីនីតិវិធី មិនគិតអំពីយុត្តិធម៌ មិនគិតពីភាពស្អាតស្អំនោះឡើយ។ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ គឺជាស្នូល ជាខ្លឹម នៃគំនិតកែទម្រង់របស់ឯកឧត្តមរដ្ឋមន្រ្តី ។
២៖ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា លឿន ត្រឹមត្រូវ និងយុត្តិធម៌ គឺជាកាតព្វកិច្ចរបស់ក្រសួងយុត្តិធម៌ ឯការប្រឆាំងអំពើពុករលួយ គឺជាកាតព្វកិច្ច របស់ អបព ហើយកាតព្វកិច្ច ជាបងប្អូនទាំងពីរនេះត្រូវការចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ទល់ពួកឱកាសនិយម ដែលឆ្លៀតរកផលប្រយោជន៍ពីយុទ្ធនាការដោះស្រាយកាតកកស្ទះសំណុំរឿងនេះ។ ចង់លឿនតែមិនស្អាត ឬចង់តែស្អាត តែមិនព្រមលឿន គឺជាជំងឺពីរយ៉ាងដែលយុទ្ធនាការរបស់ លោក កើត រិទ្ធ ចង់ព្យាបាលអោយបានជាស្រឡះពីវិស័យយុត្តិធម៌កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានត្រួសត្រាយនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្តេចយ៉ាងច្បាស់លាស់ ។
៣៖ លោករដ្ឋមន្រ្តីបានចាត់ទុកថា នេះមិនមែនជាការចូលរួមតាមរយ:ការសង្កេតការទេ។ អ.ប.ព. នឹងចែករំលែកព័ត៌មានសម្ងាត់ជូនដល់ លោករដ្ឋមន្ត្រី ជួយក្រសួងស្រាវជាវ ស៊ើបអង្កេត ករណីដែលក្រសួងទទួលបាន និងកិច្ចការមួយចំនួនទៀតដែលខ្ញុំមិនអាចជម្រាបបាននៅឡើយ ៕