(រតនគិរី)៖ ក្រុមការងារចុះវាស់វែងជាលក្ខណៈប្រព័ន្ធដឹកនាំដោយលោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យភូមិបាលក្រុងបានលុង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តដឹកនាំក្រុមការងារចុះវាស់វែងជូនប្រជាពលរដ្ឋនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។។
លោក ប៊ី ជីវន្តដារ៉ា បានឱ្យដឹងថា ទោះបីលោកដឹកនាំមន្ត្រី ចុះមកដល់តាមខ្នងផ្ទះពួកគាត់ឲ្យចូលរួមសហការវាស់វែងក្បាលដី ជាលក្ខណៈប្រព័ន្ធដោយមិនខ្លាចនឿយហត់ ភ្លៀង ខ្យល់ ហើយមិនគិតកំរ៉ៃនោះទេ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋមួយចំនួនតូចមិនចូលរួមសហការបណ្តាលឲ្យមានភាពយឺតយ៉ាវផងដែរ។
លោក ប៊ី ជីវន្តដារ៉ា បានបន្តថា ការមិនចូលរួមរបស់ប្រជាពលរដ្ឋមួយចំនួនតូចនេះ គឺថ្ងៃក្រោយផលលំបាកនឹងធ្លាក់ទៅលើពួកគាត់ ព្រោះថាឯកសារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ មានសារៈសំខាន់ណាស់សម្រាប់យកទៅប្រើប្រាស់ផ្សេងៗ។ ដូច្នេះគួរតែពួកគាត់ចូលរួមទាំងអស់គ្នាដោយមន្ត្រីលោករងចាំបម្រើគ្រប់ពេលវេលា។
ជាងនេះទៅទៀតសូមប្រជាពលរដ្ឋដែលមានទីលំនៅនៅទីឆ្ងាយ ដែលមានក្បាលដីនៅទីតាំងខាងលើ សូមរួសរាន់មកចូលរួមជាមួយក្រុមការងារ ដោយភ្ជាប់មកជាមួយ ដូចជាអត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, លិខិតកំណើត, សំបុត្រអាពាហ៍ពិពាហ៍ជាដើម និងអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៧៥៦ ៦៦៦៧៕