(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដល់បងប្អូនប្រជាពលរដ្ឋរស់នៅទីជនបទដាច់ស្រយាល ដែលជួបការលំបាកក្នុងការរស់នៅជាពិសេស គឺការធ្វើដំណើរពីតំបន់ មួយទៅតំបន់មួយ ត្រូវឆ្លងកាត់បឹងបួរ ព្រែក ទន្លេ តាមមធ្យោបាយទូកកាណូតផ្សេងៗកន្លងមក រាជរដ្ឋាភិបាលបានផ្ដល់ផ្លូវមួយខ្សែមានប្រវែង ៩,៣០០ម៉ែត្រ និងស្ពានឆ្លងដៃទន្លេមួយកន្លែង ដែលមានប្រវែង៦០ម៉ែត្រ ជាចំណងដៃដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំគោក បន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្លូវនេះនឹងត្រូវបានបញ្ចប់ ជាស្ថាពរនឹងដាក់ឲ្យប្រើប្រាស់ក្នុងខែមិថុនា ខាងមុខនេះ។
តំណាងប្រជាពលរដ្ឋនៅក្នុងឃុំគោកបន្ទាយ បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ថា តាំងពីបានស្ពានថ្មីផ្លូវក្រាលគ្រួសក្រហមថ្មីមក ពួកគាត់លែងបារម្ភ និងលំបាកក្នុងការធ្វើដំណើរ ទៅមកដូចពេលមុនទៀតហើយ ដោយសារតែមានផ្លូវមានស្ពានការចរាចរណ៍ទៅមកទាំងកូនចៅទៅរៀនសូត្រ ការដឹកកសិផលទៅកាន់ទីផ្សារ និងឈឺថ្កាត់ គឺងាយស្រួល ហើយរហ័សនិងមិនចំណាយ ថវិកាច្រើនដូចពេលមុន។
តំណាងប្រជាពលរដ្ឋទាំង ៣នាក់ បានបន្តថា ពីមុនភូមិកងមាស និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ គឺជាភូមិដាច់ស្រយាល នៅជាប់ដងទន្លេសាប និងមិនសូវ មានអ្នកធ្វើដំណើរឆ្លងកាត់ ទៅមកច្រើនទេ ព្រោះតែគ្មានស្ពានឆ្លងព្រែកកងមាស និងផ្លូវជាផ្លូវចាស់មានជង្ហុគច្រើន មិនអាចធ្វើដំណើរទៅមកបានលឿននោះឡើយ។ ដោយឃើញប្រជាពលរដ្ឋមានការលំបាកបែបនេះហើយ លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុករលាប្អៀរ បានជួយសាងសង់ស្ពានថ្មថ្មី ឆ្លងព្រែកកងមាស និងកសាងផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង ៩,៣០០ម៉ែត្រ ជូនប្រជាពលរដ្ឋសម្រាប់ងាយស្រួលក្នុងការធ្វើដំណើរ។
ក្រោយពីទទួលបានស្ពាន និងផ្លូវថ្មីស្រឡាងដូចនេះមក នៅក្នុងឃុំ ក៏មានរថយន្តតូចធំចេញចូលទៅមកមិនដាច់ មានឈ្មួញចូលទៅទិញកសិផលដែលពលរដ្ឋដាំដុះបាន ដល់ៗកន្លែង និងមានតម្លៃល្អ កូនចៅទៅមករៀនសូត្រក៏បានស្រួល ជាពិសេសអ្នកមានជម្ងឺដង្កាត់ អ្នកសម្រាលកូនជាដើមអាចដឹកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ជួយសង្គ្រោះបានទាន់ពេលវេលាផងដែរ។
ដោយឡែកលោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ឱ្យដឹងដែរថា ផ្លូវ និងស្ពាននេះ គឺកសាងឡើងក្នុងគោលបំណងបំរើវិស័យដឹកជញ្ជូនការចរាចរណ៍ ទៅមកពីភូមិមួយទៅភូមិមួយ ផ្សារភ្ជាប់ប្រជាពលរដ្ឋដែលនៅឆ្ងាយដាច់ស្រយាល មកគៀកកិតនឹងទីផ្សារទីប្រជុំជន និងបានកាត់បន្ថយការចំណាយរបស់ពលរដ្ឋបានច្រើន ក្នុងការធ្វើដំណើរ។
ផ្លូវនិងស្ពាននេះមានសារៈសំខាន់មួយទៀត គឺភ្ជាប់ទំនាក់ទំនងគ្នាលើវិស័យសេដ្ឋកិច្ចទៅនឹងស្រុកជលគីរី ក៏ដូចជាខេត្តកំពង់ចាមផងដែរ។ ផ្លូវនេះមានបណ្តោយជិត ១០គីឡូម៉ែត្រ កំពស់១ម៉ែត្រ ទទឹងបាតក្រោម៨ម៉ែត្រ និងទទឹងខ្នងផ្លូវ៦ម៉ែត្រ ក្នុងនោះមានស្ពានថ្មមួយកន្លែង មានកំពស់៦ម៉ែត្រ ទទឹង៨ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ ដែលកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ។
ប្រជាពលរដ្ឋក្នុងឃុំគោកបន្ទាយ ក៏ដូចជាឃុំជាប់ព្រំប្រទល់សប្បាយចិត្ត និងបានសំដែងការដឹងគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ គិតគូជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាកសិកនៅតាមទីជនបទ ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន លូស្ទើគ្រប់ទីកន្លែង ដើម្បីតភ្ជាប់ពីទីជនបទមកទីប្រជុំជន ឬទីក្រុង ក្នុងគោលបំណងពង្រីកការទំនាក់ទំនងសេដ្ឋកិច្ច និងជួយបង្កើនជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រដល់ប្រពលរដ្ឋនៅតាមជនបទផងដែរ៕