(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមទាំងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន២១២កញ្ចប់ តាមរយៈសាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ស្ត្រីមេម៉ាយ និងជនពិការ ចំនួន១៤០គ្រួសារ នៅបរិវេណវត្តចាន់ទូង ក្នុងស្រុកត្បូងឃ្មុំ។
ជាមួយគ្នានោះលោក ជាម ច័ន្ទសោភ័ណ ក៏បានប្រគល់អំណោយជូនពលករកំពុងដាក់ខ្លួននៅដាច់ដោយឡែកចំនួន២២នាក់ នៅវិទ្យាល័យហ៊ុនសែនខ្នារ និង៥០កញ្ចប់ ទៀត ផ្តល់ជូនទៅអនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ ទុកចែកជូនពលរដ្ឋជនងាយរងគ្រោះក្នុងមូលដ្ឋានរបស់ខ្លួនបន្ត។
លោក ជាម ច័ន្ទសោភ័ណ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង១៤០គ្រួសារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុតដែលជានិច្ច ជាកាលសម្តេចតែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែល ពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។
សូមបញ្ជាក់ផងដែរថា ចំពោះអំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង១៤០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល ក៏ដូចជាផ្តល់ជូននូវស្បៀងអាហារ ម៉ាស់ អាកុល និងថវិការមួយចំនួន ដល់អនុសាខាកាកបាទក្រហម ស្រុកត្បូងឃ្មុំ សម្រាប់បន្តចែកជូនពលរដ្ឋជនងាយរងគ្រោះផងដែរ។ ក្នុងចំណោម១៤០គ្រួសារនោះ មាន១គ្រួសារ ដែលក្មួយៗតូចៗ៣នាក់ ឪពុកបានស្លាប់ចោល នៅសល់តែម្តាយនោះ ក្រៅពីអំណោយកាកបាទក្រហមខេត្ត បានទទួលថវិការ៤០ម៉ឺនរៀលបន្ថែម ពីលោកស្រី ម៉េង វ៉ាន់ដានី ជាម ច័ន្ទសោភ័ណ ដោយទឹកចិត្តសប្បុរស ថ្លៃថ្លា និងអាណិតអាសូរបំផុត។
លោក សេង សុខឿន ប្រធានអនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំសាខាកាបាទក្រហមខេត្តត្បូងឃ្មុំ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលតែងតែគិតគូរផ្តល់សម្ភារៈ និងថវិការជាបន្តបន្ទាប់ជំរុញឲ្យការងារមនុស្សធម៍ ក្នុងស្រុកត្បូងឃ្មុំ មានសកម្មភាពកាន់តែផុសផុលទ្វេឡើង។
បន្ទាប់មកពីចែកអំណោយដល់ពលរដ្ឋទាំង១៤០គ្រួសាររួច លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមទាំងក្រុមការងារបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសចំនួន២២នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកត្បូងឃ្មុំផងដែរ។
នៅក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកថា បើទោះបីនាពេលនេះអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយលោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ននៅក្នុងសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ ជាពិសេសចំពោះពលករទើបមកពីក្រៅប្រទេសត្រូវដាក់ខ្លួនឲ្យនៅ ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ចម្លងបន្តនៃជំងឺកូវីដ-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចឲ្យយើងស្លាប់បាន៕