(ភ្នំពេញ)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
លោក ស៉ិក ប៊ុនហុក ព្រមទាំងប្រតិភូ គ.ជ.ប បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម និងអញ្ជើញជួបសុន្ទនាជាមួយលោកស្រី សួស ណារ៉ា ហ៉ឹម ឆែម ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
បន្ទាប់មក លោក ស៉ិក ប៊ុនហុក បានអញ្ជើញប្រគល់ជូនលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ នូវបច្ច័យចូលរួមក្នុងពិធីបុណ្យសពលោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម និងបានបន្តអញ្ជើញ ចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលលោកបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសពលោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម។
លោក ស៉ិក ប៊ុនហុក បានចាត់ទុកថា មរណភាពរបស់សពទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ របស់ក្រុមគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការបាត់បងនូវឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលបានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមកសាងសង្គមជាតិតាមរយៈការលើកកម្ពស់នូវគុណតម្លៃនៃវប្បធម៌ និងព្រះពុទ្ធសាសនា។
ប្រតិភូ គ.ជ.ប បានបង្ហាញសេចក្ដីសង្វេគសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលឥតឧបមាចំពោះមរណភាព របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោកស្រី សួស ណារ៉ា ហ៉ឹម ឆែម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់ដួងវិញ្ញាណក្ខន្ធសពទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លៀតឡើយ៕