(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅក្នុងតុលាការរាជធានី-ខេត្ត ដែលដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលនេះ មិនមែនជាការជ្រៀតជ្រែក ឬធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ស្ថាប័នតុលាការនោះទេ។
ការប្រកាសរបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំដោយ ក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅក្នុងតុលាការកម្ពុជា។
លោក កើត រិទ្ធ បានថ្លែងថា មន្រ្តីក្រសួងយុត្តិធម៌ ដែលអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការតាមបណ្តារាជធានី-ខេត្តនេះ ត្រូវតែធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ និងម៉ឺងម៉ាត់ ដោយមិនជ្រៀងជ្រែក ឬធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការឡើយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយផ្អែកតាមមូលដ្ឋានច្បាប់នេះហើយ ក្រសួងយុត្តិធម៌មិនជ្រៀងជ្រែកចំពោះការសម្រេចក្តីរបស់ចៅក្រម ដែលជាអំណាចឯករាជ្យ អញ្ចឹងឆន្ទានុសិទ្ធិរបស់គាត់ប្រើចុះ ប៉ុន្តែវាជាសិទ្ធិអំណាចមួយដែលគាត់ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមច្បាប់»។
លោករដ្ឋមន្រ្តីវ័យក្មេង បានបញ្ជាក់ទៀតថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនេះ ត្រូវការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយសាលាដំបូងរាជធានី-ខេត្ត។ លោកអះអាងថា ក្រុមការងាររបស់ក្រសួងយុត្តិធម៌ គឺជាក្រុមការងារដែលចូលរួមអនុវត្តយុទ្ធនាការ សម្របសម្រួលជាក់ស្តែង ចំណែកការដោះស្រាយដើម្បីបន្ថយការកកស្ទះ ដោយផ្ទាល់ គឺចៅក្រម និងព្រះរាជអាជ្ញា នៅតាមបណ្តារាជធានីខេត្តតែម្តង៕