(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីស្ថានភាពនៅកម្ពុជាធូរស្រាលជាងមុន និងត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិផ្សេងៗផងដែរ ព្រោះរដូវកាលធ្លាក់ភ្លៀងបានមកដល់ហើយ។
លោក ជាវ តាយ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០នេះ ក្នុងឱកាសបានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប ចុះផ្ដល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១០០ គ្រួសារ នៅស្រុកកំពង់ត្រាច និងស្រុកដងទង់ ដែលបានធ្វើឡើងនៅសាលាវិទ្យាល័យព្រះបិតាជាតិ ក្នុងស្រុកកំពង់ត្រាច។
លោកអភិបាលខេត្ត បានបន្ថែមថា «ត្រូវប្រកាន់ខ្ជាប់ឲ្យបាននូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសចូលរួមបន្តអនុវត្តន៍ វិធានការកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា បើទោះបីជំងឺដ៏កាចសាហាវបច្ចុប្បន្ននេះ មិនបានបន្តរកឃើញការឆ្លងបន្ថែម មកលើប្រជាពលរដ្ឋយើង និងបានព្យាបាលឲ្យជាសះស្បើយទាំងអស់ និងពុំមានអ្នកស្លាប់ម្នាក់ដោយសារជំងឺនេះនៅក្នុងប្រទេសកម្ពុជាយើងក៏ពិតមែន។ ហើយបញ្ហានេះត្រូវបានរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល មានការព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះបញ្ហាជុំវិញ នៃការឆ្លងជំងឺនេះជាលើកទី២ ក្នុងប្រទេសកម្ពុជាយើងបន្តទៀតផងដែរ»។
លោកបន្តថា ដោយរដូវនេះ គឺជារដូវភ្លៀង សូមមានការប្រុងប្រយ័ត្នខ្ពស់ នូវគ្រោះមហន្តរាយ ធម្មជាតិផ្សេងៗ ពិសេសផ្គរ រន្ទះ ឬខ្យល់ព្យុះជាផ្ដើម ហើយក៏ត្រូវតែយកចិត្តទុកដាក់ ជំរុញការងារបង្កបង្កើនផលដាំដុះ ចិញ្ចឹមសត្វរួមផ្សំ ដើម្បីបានផ្គត់ផ្គង់ជួយសម្រាលការលំបាកខ្វះខាតជីវភាពគ្រួសារ។
ក្នុងពិធីផ្តល់អំណោយ ជូនប្រជាពលរដ្ឋនោះ លោក ជាវ តាយ បានប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ចំពោះអំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង១០០ គ្រួសារនាពេលនេះ ក្នុងនោះមកពីស្រុកកំពង់ត្រាច ចំនួន៥០គ្រួសារ និងស្រុកដងទង់ ចំនួន៥០គ្រួសារ។ ក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, អំបិល២គីឡូក្រាម, ម្រេច១កញ្ចប់, ទឹកសុទ្ធ១កេស និងថវិកាមួយចំនួនផងដែរ៕