(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយលោក ឈឹម វជិរា បានជួបពិភាក្សាងារជាមួយលោក FUKADA ជានាយកក្រុមហ៊ុន YAMOTO GREEN ជប៉ុនដឹកនាំដោយលោក FUKADA នាយកក្រុមហ៊ុន YAMOTO GREEN ដើម្បីសហការរកស៊ីប្រមូលទិញបន្លែសុវត្ថិភាព ក្នុងខេត្តបាត់ដំបង គឺគិតចាប់ពីដាំបន្លែដំបូងទាំងបច្ចេកទេសថែរក្សា ស្តុកទុក រហូតដល់ដឹកជញ្ជូនទៅចែកចាយនៅលើទីផ្សារ បានប្រកបដោយគុណភាពដែលគ្មានជីគីមី។
លោក ឈឹម វិជរា បានរៀបរាប់ជម្រាបជូនអំពីសក្តានុពលលើវិស័យកសិកម្ម ខេត្តបាត់ដំបង ក្រៅពីដំណាំស្រូវ គឺមានដំណាំបន្លែសុវត្ថិភាព នៅតាមសហគមន៍ទាំង៨២ ក្នុងខេត្ត និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងៗ បាន៦៦កិច្ចសន្យារួចផងដែរ។
លោក ឈឹម វិជរា បានបញ្ជាក់ថា មន្ទីរកសិកម្មខេត្តតែងបានអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្មកន្លងមក ដោយបានធ្វើជាមួយដៃគូអភិវឌ្ឍន៍ និងគម្រោងផ្សេងៗទៀត ជាក់ស្តែងយើងបាន និងកំពុងអនុវត្តគម្រោងអាទិភាពចំនួន៣រួមមាន៖
*ទី១៖ គម្រោងជំរុញ ផលិតកម្មស្បៀង
*ទី២៖ គម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធុននឹងបម្រែបម្រួលអាកាសធាតុ
*ទី៣៖ គម្រោងពិពិធកម្មកសិកម្មនៅកម្ពុជា។
លោកបន្តថា ថ្ងៃនេះមន្ទីរកសិកម្មខេត្ត និងក្រុមហ៊ុនឯកជនរបស់ជប៉ុន បានជួបពិភាក្សាគ្នា ដែលផ្តោតទៅការប្រមូលទិញ កែច្នៃ វេចខ្ចប់លើដំណាំបន្លែសុវត្ថិភាព ទូទៅក្នុងខេត្ត ដែលកិច្ចការទាំងអស់នេះកំពុងឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ដ្ឋាភិបាលកម្ពុជាហើយជាពិសេសគីមានការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក FUKADA បានបញ្ជាក់ថា ថ្ងៃនេះក្រុមហ៊ុនបានជួបគ្នា ហើយបានធ្វើបទបង្ហាញអំពីខ្សែសង្វាក់ផលិតដំណាំបន្លែទាំងនេះ គឺធ្វើនៅកម្ពុជា តែតាមស្តង់ដារជប៉ុនទាំងអស់ ដើម្បីឱ្យអ្នកទិញយក ប្រើប្រាស់មានទំនុកចិត្ត តាមស្តង់ដារអន្តរជាតិទាំងអស់ រួមនឹងវេចខ្ចប់ល្អប្រណិតផងដែរ។
ប្រធានក្រុមហ៊ុនជប៉ុនរូបនេះ បានបន្ថែមថា ក្រុមហ៊ុនរបស់លោកនៅប្រទេសជប៉ុន មានដៃគូសហការល្បីៗ ជាច្រើនចូលរួមហើយក៏មាន នៅរាជធានីភ្នំពេញ រួចមកហើយ ដូច្នេះលោកត្រូវការពង្រីក នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដោយផ្តើមចេញពីខេត្តបាត់ដំបងមុនគេផង។
ក្រុមហ៊ុនរបស់លោកមានគោលបំណង ដើម្បីរៀបចំយុទ្ធសាស្រ្តការផលិតកសិផល ដែលមាននិរន្តភាព សុវត្ថិភាព និងផ្សាភ្ជាប់ ជាមួយតម្លៃកសិផល ដែលបានដាំក្នុងផ្ទះសំណាញ់ប្រកបដោយ គុណភាពខ្ពស់ ហើយមានសុខភាពល្អដល់អ្នកប្រើប្រាស់ផងដែរ៕