(ភ្នំពេញ)៖ លោក W Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលថា អាមេរិកចង់ឃើញកម្ពុជាប្រើប្រាស់យន្តហោះប្រភេទ Boeing ។
បំណងរបស់លោក W Patrick Murphy បានបង្ហាញឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយបណ្ឌិត ម៉ៅ ហាវណ្ណាល់ ស្តីពីការពង្រឹងកិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៉ីវិល នាពេលអនាគត រវាងកម្ពុជា និងអាមេរិក នៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២០។
យោងតាមលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិលបានឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សានេះ បានលើកឡើងនូវការងារមួយចំនួនរួមមាន៖
* ការវិវត្តន៍វិស័យអាកាសចរស៉ីវិលនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេល Covid-19,
* ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ
* គួរមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅប្រទេសកម្ពុជា
* ការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ជាប្រយោជន៍សម្រាប់ហិរញ្ញប្បទានក្នុងការជួលអាកាសយាន
* និងកិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជា និងអាមេរិក។
ជាការឆ្លើយតបនឹងសំណួរទាំងនេះ រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ វិស័យអាកាសចរស៉ីវិលកម្ពុជា មានការីកចម្រើនគួរឲ្យកត់សម្គាល់ រហូតដល់មានក្រុមហ៊ុនអាកាសចរណ៍ ដែលបានបង្កើតឡើងមានចំនួន ៨ក្រុមហ៊ុន ប៉ុន្តែដោយសារវិបត្តិជំងឺរាតត្បាតជាសកល Covid-19 កម្ពុជាក៏ដូចជាប្រទេសជាច្រើនលើពិភពលោក ដែលត្រូវបានផ្អាកក្នុងគោលបំណងទប់ស្កាតជំងឺនេះ ប៉ុន្តែកម្ពុជានៅតែមានប្រតិបត្តិការខ្លះៗជាធម្មតា ដូចជាការបំពេញភាពជាមនុស្សធម៌ ដឹកអ្នកដំណើរអាមេរិក និងសាសន៍ផ្សេងៗទៀត ពីនាវាខ្នាតយក្សវេសដាំ និងទំនិញជាដើម។
ចំពោះការសាងសង់អាកាសយានដ្ឋនថ្មី ដោយសារមូលហេតុ៣រួមមាន៖
១៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលក្ខណៈតូចចង្អៀត និងមានទីតាំងមិនអំណោយផល ពោលគឺនៅកៀកទីក្រុងពេក ហើយអាកាសយានដ្ឋាននេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូនខ្មែរក្នុងស្រុក។
២៖ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក៏មានលក្ខណៈតូចចង្អៀតដែរ ជាពិសេសស្ថិតនៅជិតអង្ករវត្ត ដែលមានការការពារពី UNESCO ហើយអាកាសយានដ្ឋាននេះ វិនិយោគដោយក្រុមហ៊ុនយូណានមកពីប្រទេសចិន។
៣៖ ចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កម្ពុជាទុកលទ្ធភាពជូនក្រុមហ៊ុន SCA/VINCI ធ្វើការវិនិយោគពង្រីកបន្ថែមកម្រិតថ្នាក់4E ហើយនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២។
ចំពោះការចង់ឲ្យមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅកម្ពុជា រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានស្វាគមន៍ និងស្នើឲ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់។ ចំពោះលោករដ្ឋមន្ត្រីផ្ទាល់ ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះប្រភេទ Boeing ជាពិសេសប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុខភាពក្នុងការធ្វើដំណើរ។
លោករដ្ឋមន្ត្រីក៏មិនជំទាស់ចំពោះសំណើគិតគូរពីអនុសញ្ញាខេបថោនដែរ (Cape Town Convention) តែលោកក៏ស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកផ្តល់អ្នកប្រឹក្សា និងជំនួយបច្ចេកទេសក្នុងដំណើរការនេះ។
ដោយឡែកចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសវិញ រហូតមកទល់ពេលនេះ កម្ពុជាបានចុះហត្ថលេខាទាំងទ្វេភាគី និងពហុភាគីបានចំនួន ៤៤ប្រទេសហើយ ក្នុងនោះជាមួយបណ្តាប្រទេសអាស៊ានមាន ៦កិច្ចព្រមព្រៀងពហុភាគី។ ចំពោះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កម្ពុជាបានជួបពិភាក្សាគ្នាតាំងពីឆ្នាំ២០១៤ មកម្លេះ ហើយមានចំណុចឯកភាពគ្នាច្រើន លើកលែងតែពាក្យនិយមន័យ ទឹកដី និងការស្នើសុំធ្វើសេវាកម្មផ្ទៃដីដោយភាគីអាមេរិកផ្ទាល់ខ្លួនឯង ចំណុចនេះលោកនឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដី គួរក្រុមហ៊ុនអាមេរិកមកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន BOT ហើយខាងអាកាសចរស៉ីវិលចាំតែជួយសម្របសម្រួលជូន។
លោកឯកអគ្គរដ្ឋទូតអាមេរិក បានកោតសរសើរយ៉ាងខ្លាំង ដល់ការដឹកនាំរបស់ រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យវិស័យអាកាសចរស៉ីវិលកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយលោកអគ្គរដ្ឋទូតនឹងជំរុញឱ្យ ក្រុមហ៊ុនអាកាសចរអាមេរិក មកពិភាក្សាដោយផ្ទាល់ ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវីល និងរៀបចំអ្នកទំនាក់ទំនង មករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងជំនួយបច្ចេកទេសសម្រាប់ការផ្តល់សច្ចាប័នអនុសញ្ញា Cape Town ៕