(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា សម្ភារការពារការចម្លងជំងឺកូវីដ-១៩ រួមមានម៉ាស់ការពារការចម្លងរោគ ប្រភេទ Surgical ចំនួន៥២,៥០០ម៉ាស់ ជេលលាងដៃចំនួន ៣,៤៤០ដប និងអាក់កុលចំនួន ៦,០០០ដប ពិតជាបានជួយរំលែកទុក្ខលំបាក ដល់បងប្អូនជនមានពិការភាពក្នុងគ្រាមានអាសន្ន។
លោកថា បើទោះបីជាសម្ភារទាំងនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ជនមានពិការភាពទូទាំងប្រទេសក្តី ប៉ុន្តែក៏អាចរំលែកទុក្ខលំបាកមួយគ្រា ក្នុងពេលមាន អាសន្ននេះផងដែរ។
សម្ភារការពារជំងឺកូវីដ១៩ គិតជាទឹកប្រាក់សរុបចំនួនជាង ២ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS ដើម្បីចែកជូលដល់មន្ត្រីមានពិការភាពនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មជ្ឈមណ្ឌលបុរីទារក និងកុមារជាតិ សមាគមន៍ តន្ត្រីជនពិការ គណៈកម្មាធិការស្ប៉េស្យាលអូឡាំពិក អង្គការផ្ទះក្រវ៉ាន់ សាលាអប់រំពិសេសភ្នំពេញថ្មី អង្គការ PHACHID អង្គការ HHC អង្គការ DDP និងសមាគមន៍សំនៀងតន្ត្រីជនពិការ។
លោក ឯម ច័ន្ទមករា បានលើកឡើងនៅក្នុងពិធី «ប្រគល់-ទទួលសំភារការពារការចម្លងជំងឺកូវីដ-១៩» ធ្វើឡើងក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្រ្តីក្រសួង និងស្ថាប័ន ដៃគូពាក់ពន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
លោក ឯម ច័ន្ទមករា បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជនមានពិការភាព មានហានិភ័យខ្ពស់ជាងជនមិនមានពិការភាព ក្នុងការប្រឈមឆ្លងជំងឺកូវីដ-១៩ ដោយសារឧបសគ្គក្នុងការទទួលបានព័ត៌មានស្តីពីការបង្ការ និងអនាម័យ។ ជនមានពិការភាព ត្រូវការពឹងផ្អែកផ្នែកកាយសម្បទាដោយផ្ទាល់ជាមួយបរិស្ថានខាង ក្រៅឬក្រុមជំនួយរបស់ពួកគេ។ ក្នុងន័យនេះ វិធានការណ៍ណែនាំនានា ការគាំទ្រ និងភាពចាំបាច់ផ្សេងៗនៃការបង្ការ ការពារក្នុងអំឡុងពេលនៃការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គឺជាចំនុចសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់ឱ្យខាងតែបាន។
ផ្ទុយទៅវិញ វិធានការទប់ស្កាត់នៃការរក្សាគម្លាតរវាងបុគ្គលម្នាក់ និងបុគ្គលម្នាក់ទៀត កម្មវិធីដាក់ឱ្យនៅដាច់ដោយឡែក អាចជាបញ្ហាប្រឈម ដែលមិនអាចអនុវត្តជាទូទៅ សម្រាប់ជនមានពិការ ភាពគ្រប់ប្រភេទបានឡើយ ពិសេសជនមានពិការភាព ដែលត្រូវពឹងផ្អែកពីការថែទាំរបស់អ្នកដទៃក្នុងការហូបចុក ស្លៀកសម្លៀកបំពាក់ ឬងូតទឹកជាដើម ដែលអាចប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ ក្នុងការទទួលបានអាហាររូបត្ថម្ភ ការថែទាំសុខភាព ទឹកស្អាត អនាម័យ និងការប្រាស្រ័យទាក់ទងជាដើម។
ដោយយល់អំពីស្ថានភាពជាក់ស្តែង នៃលំបាករបស់ជនមានពិការភាព ដូចនេះហើយ ទើបអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ស្នើសុំ ទៅស្ថានទូតអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ដើម្បីផ្គត់ផ្គង់សំភារការពារ ការចម្លងជំងឺកូវីដ-១៩ ជូនដល់ជនមានពិការភាព ដែលមិនមានលទ្ធភាព។ បើទោះបីជាសំភារទាំងនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ជនមានពិការភាពទូទាំងព្រះរាជាណាចក្រកម្ពុជាក្តី ប៉ុន្តែក៏អាចរំលែកទុក្ខលំបាកមួយគ្រាក្នុងពេលមាន អាសន្ននេះផងដែរ។
ជាមួយគ្នានោះ លោក ផាប្លូ កាង ឯកអគ្គរាជទូតនៃរដ្ឋាភិបាលអូស្ត្រាលីប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយៈអង្គការ ACCESS យើងកំពុងធ្វើការក្នុងភាពជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីកែលំអ និរន្តរភាពគុណភាព និងការដាក់បញ្ចូលសេវាកម្ម នៅក្នុងប្រទេសកម្ពុជា សម្រាប់ជនពិការ និងស្ត្រីដែលរងផលប៉ះពាល់ ដោយអំពើហឹង្សាប្រឆាំងនឹងភេទ។
លោក ផាប្លូ កាង បានបន្ថែនថា ការពិតគឺជនពិការមានហានិភ័យខ្ពស់ ក្នុងការឆ្លងវីរុសឆ្លងដោយសារការរាំងស្ទះ ក្នុងការទទួលបានព័ត៌មាន។ ការលំបាកក្នុងការអនុវត្តវិធានការអនាម័យបង្ការ ការពឹងផ្អែកលើទំនាក់ទំនង រាងកាយជាមួយអ្នកថែទាំ និងស្ថានភាពផ្លូវដង្ហើម បណ្តាលមកពីការចុះខ្សោយជាក់លាក់។ ជនពិការក៏មានហានិភ័យខ្ពស់ ក្នុងការបាត់បង់ការងារ និងប្រភពស្បៀងអាហារ ដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃមេរោគឆ្លង។
បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា ក៏បានថ្លែងគោរពដឹងគុណ ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់និងចេញ នូវវិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងសង្គ្រោះប្រជាជនកម្ពុជា ពិសេសជនមានពិការភាពឱ្យជៀសឆ្ងាយពីជំងឺកូវីដ១៩ ហើយទទួលបានជោគជ័យជាប្រវត្តិ ជាគំរូលើសកលលោក ដោយកម្ពុជាបានព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ១៩ បានជាសះស្បើយ១០០% ហើយគ្មានអ្នកឆ្លងជំងឺសាហាវនេះនាពេលបច្ចុប្បន្ន៕