(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា សាសនិកឥស្លាមជានិច្ចកាលតែងតែប្រកាន់ខ្ជាប់ ការគោរពប្រតិបត្តិសាសនា និងគោរពប្រតិបត្តិច្បាប់រដ្ឋ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅការិយាល័យផ្ទាល់របស់លោក ក្នុងរាជធានីភ្នំពេញ។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្ដថា ឥស្លាម គឺជាសាសនាដែលមានភាពងាយស្រួល ក្នុងការគោរពប្រតិបត្តិ ព្រះបានបង្កើតមនុស្សឲ្យមានវិចារណញាណ ក្នុងការត្រិះរិះពិចារណា ប្រកបដោយសុភវិនិច្ឆ័យយល់ខុសត្រូវ បត់បែនទៅតាមកាលៈទេសៈ តម្កល់ផលប្រយោជន៍រួមជាធំ រក្សាសណ្ដាប់ធ្នាប់ សេចក្តីសុខដុមរមនា ជាពិសេសការគោរពចំពោះមេដឹកនាំ។
ដោយឡែក ងាកមកនិយាយរឿងកូវីដ-១៩ វិញ លោកទេសរដ្ឋមន្ដ្រី សូមថ្លែងអំណរគុណដល់សាសនិកឥស្លាមនៅកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តសារាចរណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដោយមិនឲ្យមានការជួបជុំសូត្រធម៌ថ្វាយបង្គំតាមព្រះវិហារ រហូតមិនឲ្យមានការពិសាអាហាររួមគ្នា នៅពេលស្រាយបួស ដែលជាប្រពៃណីទំនៀមទំលាប់របស់ពួកគាត់ជាយូរលង់មកហើយ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានពន្យល់ដោយសង្ខេបថា ខែបួសរ៉ាម៉ាឌន គឺជាពេលវេលាមួយ ដែលសាសនិកឥស្លាមត្រូវហាត់ពត់លត់ដំ នឹងសង្រួមចិត្តកាយ ឲ្យស្ងប់សុខដើម្បីទទួលកុសលផលបុណ្យពីព្រះ តាមរយៈការស៊ូទ្រាំ នៃសេចក្តីស្រេកឃ្លាន និងការងារមនុស្សធម៌ក្នុងសង្គម ខែបួសរ៉ាម៉ាឌន ធ្វើឲ្យមានភាពជិតស្និទ្ធរវាងអ្នកមាន និងអ្នកក្រ ជាពិសេសធ្វើឲ្យអ្នកមានបានយល់ពីទុក្ខលំបាក និងការអត់ឃ្លានរបស់អ្នកក្រ ដើម្បីបង្កើតចិត្ត នៃការបរិច្ចាករបស់ពួកគេដែលហៅថា ហ្សាកាត់ហ្វិត្រះ ក្រោយពីពួកគេបានតមអាហារក្នុងរដូវអំណត់ បួសរ៉ាម៉ាឌនរយៈពេល១ខែ។
ត្រង់នេះសាសនាឥស្លាម បានផ្សារភ្ជាប់រវាងការគោរពប្រតិបត្តិជាមួយ នឹងប្រភពសេដ្ឋកិច្ចផងដែរ ហើយលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏សូមអបអរសាទរចំពោះសាសនិកឥស្លាមនៅកម្ពុជាមួយចំនួន ដែលពួកគេបានពង្រឹងផ្នែកសេដ្ឋកិច្ច តាមរយៈការវិនិយោគ និងអាជីវកម្មផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា សាសនាឥស្លាម គឺជាសាសនាដែលមានការគោរពប្រតិបត្តិច្រើនជាងគេ បើនិយាយពីប្រទេសកម្ពុជា សម្រាបថ្ងៃសុក្រតែមួយថ្ងៃ បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស មិនខ្វះពី១៨ម៉ឺននាក់ទេ ដែលទៅថ្វាយបង្គំរួមគ្នា។ ចំពោះការថ្វាយបង្គំនៅថ្ងៃសុក្រទៀតសោត ក៏មានការអប់រំអំពីសាសនា និងសង្គមផងដែរ៕