(ភ្នំពេញ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដែលកំពុងដំណើរការសាងសង់នៅស្រុកត្រពាំងប្រាសាទ សម្រេចបានជាង៥០ភាគរយ ដែលនឹងផ្គត់ផ្គង់ថាមពល បាន២៦៣គីឡូវ៉ាត់។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន កុសល្យ បានអះអាងថា ដំណើរការសាងសង់នេះ ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ គ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២១។
លោក ប៉ែន កុសល្យ បានថ្លែងយ៉ាងដូច្នេះថា «តាមផែនការយើងអាចបញ្ចប់នៅឆ្នាំ២០២១ ប៉ុន្ដែអាចខុសគ្នាបន្ដិចបន្ទួច ដោយសារបញ្ហាជំងឺកូវីដ១៩ ហើយបច្ចុប្បន្នដំណើរការសាងសង់នេះ បានប្រហែលចន្លោះពី ៥០ ទៅ៦០ភាគរយហើយ។ បច្ចុប្បន្នរៀបចំបង្គោលភ្លើងបណ្ដើរៗហើយ»។
បើតាមការលើកឡើងរបស់លោកអភិបាលខេត្ត បន្ទាប់ពីរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនេះសាងសង់រួចរាល់ នឹងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមួយចំនួនទៀត ចែកចាយទៅខេត្តសៀមរាប ពោលដោយសារតែស្រុកត្រពាំងប្រាសាទ មានព្រំប្រទល់ក្បែរគ្នាជាមួយខេត្តសៀមរាប។
ដោយឡែក សម្រាប់វិស័យរ៉ែ នៅខេត្តឧត្ដរមានជ័យវិញ គឺមានរ៉ែមាស, រ៉ែត្បូង, សំណរ និងរ៉ែធ្យូងថ្ម (បច្ចុប្បន្នមានតែរ៉ែធ្យូងថ្មទេ ដែលមានក្រុមហ៊ុនកំពុងវិនិយោគនៅភូមិសាស្ដ្រស្រុកត្រពាំងប្រាសាទ) ខណៈរ៉ែផ្សេងៗទៀត មិនទាន់មានក្រុមហ៊ុនវិនិយោគនោះទេ ពោលកន្លងទៅមានតែក្រុមហ៊ុន ទទួលបានអាជ្ញាបណ្ណពីក្រសួងដើម្បីស្រាវជ្រាវ រុករកតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះ ត្រូវបានលោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនចំនួន៣ ដែលធ្លាប់សិក្សាស្រាវជ្រាវនេះ ត្រូវបានក្រសួងរ៉ែ និងថាមពល បញ្ចប់អាជ្ញាបណ្ណហើយ ដោយសារតែក្រុមហ៊ុនរុករកមិនឃើញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ ក្រុមហ៊ុនសិក្សាអាជីវកម្មរ៉ែ នៅខេត្តឧត្តរមានជ័យត្រូវបានបញ្ចប់អស់ហើយ ដែលនៅសល់តែមួយប៉ុណ្ណោះ គឺក្រុមហ៊ុនធ្យូងថ្ម»។ លោក ភុន ឡែន បានអះអាងទៀតថា ក្រុមហ៊ុនទាំង៣ដែលបញ្ចប់អាជ្ញាបណ្ណនេះ គឺទី១៖ ក្រុមហ៊ុន ហុង សេង, ទី២៖ ក្រុមហ៊ុន យន្ដ ឃាន (អាជ្ញាបណ្ណសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្ម) និងទី៣៖ ក្រុមហ៊ុន ខេបផោវ៉ើល។
គួរជម្រាបថា កាលពីឆ្នាំកន្លងទៅ ខេត្តឧត្តរមានជ័យ បានពង្រីកការតភ្ជាប់បណ្ដាញអគ្គិសនីឲ្យបានទូលំទូលាយគ្រប់ភូមិទូទាំងខេត្ត ក្នុងនោះក្រុងសំរោង ភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសថៃមកប្រើប្រាស់។ ដោយឡែក នៅស្រុក០៤ផ្សេងទៀត កំពុងប្រើប្រាស់បណ្ដាញអគ្គិសនី ដែលវិនិយោគដោយវិស័យឯកជន៕