(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីគ្រប់គ្រងគម្រោងនិងមន្ត្រី អនុវត្តគម្រោង (PMU) ថ្មី ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងប្រកាន់យកគុណភាពរឹងមាំជាចម្បង ពោលគឺមិនមែនចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់នោះឡើយ។
លោក តូច ចាន់កុសល បានថ្លែងជំរុញយ៉ាងដូចនេះនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីអំពី វឌ្ឍនភាពការងារ និងប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង (PMU) ថ្មី និងអង្គភាពអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងខេត្តតាកែវ មន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោងរបស់ក្រសួងជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង ព្រមទាំងតួនាទីភារកិច្ចរបស់អង្គភាពទាំងពីរ ដើម្បីឱ្យពួកគេមានទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅជំរុញការអនុវត្តគម្រោងនេះឱ្យកាន់តែរលូនប្រកបដោយប្រសិទ្ធភាព គុណភាព និងបញ្ចប់គម្រោងស្របតាមកិច្ចសន្យាដែលបានកំណត់។
លោក តូច ចាន់កុសល បានសង្កត់ធ្ងន់ថា អង្គភាពអនុវត្តគម្រោងគឺជាអ្នកសម្របសម្រួល និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពនេះ ជាកត្តាជំរុញកិច្ច សហការរវាងក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងមានគុណភាពខ្ពស់ ស្របតាម សៀវភៅបន្ទុក។
លោករដ្ឋលេខាធិការប្រចាំការ ក៏បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោង ខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ ប្រកាន់យកគុណភាពរឹងមាំជាចម្បង ជាពិសេសត្រូវចង់ចាំនូវប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង ពោលគឺមិនមែនចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់ឡើយ៕