(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត ស.ស.យ.កស្រុក និងក្រុមការងារ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខាកាកបាទក្រហមខេត្ត ចំនួន២០៧កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ចំនួន៦០គ្រួសារ នៅបរិវេណអនុវិទ្យាល័យផ្លាកសម្រោង ក្នុងឃុំដារ ស្រុកមេមត់ និងពលករកំពុងដាក់ខ្លួននៅដាច់ដោយឡែកចំនួន១៧នាក់ និង១៣០កញ្ចប់ទៀត ផ្តល់ជូនទៅអនុសាខាកាកបាទក្រហមស្រុកមេមត់ ចែកជូនពលរដ្ឋជនងាយរងគ្រោះ ក្នុងមូលដ្ឋានរបស់ខ្លួនបន្ត។
សំណេះសំណាលនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋជាជនងាយរងគ្រោះទាំងអស់ ក្នុងស្រុកមេមត់ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។
ឆ្លៀតក្នុងឱកាស លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកថា បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថាជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំ ឬប្រមូលផ្តុំគ្នានោះទេ ជាពិសេសចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជំងឺនេះ វាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងអាចឱ្យយើងស្លាប់បាន។
ចំពោះអំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង ១៩០គ្រួសារ សម្រាប់ ៦០គ្រួសារ ចែកជូននាឱកាសនោះ និង ១៣០គ្រួសារទៀត ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកមេមត់ សម្រាប់ចែកបន្តដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាល់កុល និងថវិកាចំនួន ២ម៉ឺនរៀល។
លោក ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមការងារ ក៏បានចុះទៅត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុល និងថវិកា ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសកំពុងដាក់ខ្លួន ឱ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកមេមត់ផងដែរ៕