(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងប្រទេសកម្ពុជា។
ក្រសួងមហាផ្ទៃជាអ្នកទទួលភារកិច្ចក្នុងការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ។ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ពិភាក្សាលើការតាក់តែងសេចក្តីព្រាងនេះ។
ក្នុងឱកាសនោះ លោក ប៊ុន ហុន បានឲ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង «ដ្រូន» នេះ ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ អនុក្រឹត្យនេះ ក៏បានស្នើសុំឱ្យមន្ត្រីជំនាញយកទៅសិក្សាបន្ត ហើយថ្ងៃនេះ ទើបលើកយកមកពិភាក្សាបន្តទៀត។
លោក ប៊ុន ហុន បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះសព្វថ្ងៃនេះ មិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។ លោកបន្តថា ការប្រើប្រាស់ដ្រូន ក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ។
លោករដ្ឋលេខាធិការបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំព្រាងអនុក្រឹត្យនេះរួច នឹងអាចប្រជុំជាមួយអន្តរក្រសួង ដែលពាក់ព័ន្ធដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សាធ្វើយ៉ាងណាឲ្យអនុក្រឹត្យនេះកាន់តែល្អ និងអាចយកទៅអនុវត្តបាន។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីអំពីដំណើរការ តាក់តែងសេចក្តីព្រាងអនុក្រឹត្យការគ្រប់គ្រង «ដ្រូន» ដែលបានធ្វើឡើងកាលពីពេលប្រជុំលើកទី១។ កិច្ចប្រជុំលើកនោះ អង្គប្រជុំបានសម្រេចកែសម្រួលនៅលើនិយមន័យបន្ថែមមួយចំនួន។
រីឯចំណុចមួយទៀត ទាក់ទងទៅនឹងសមត្ថកិច្ច អង្គប្រជុំបានកែសម្រួលបញ្ចូលបន្ថែមនូវការបណ្តុះបណ្តាល ការហ្វឹកហាត់ប្រើប្រាស់ «ដ្រូន» ហើយក៏បានសម្រេចបន្ថែមដាក់លក្ខខណ្ឌមួយចំនួនឱ្យអ្នកផលិត ឬអ្នកកែច្នៃត្រូវចុះបញ្ជីការបច្ចេកទេស ឬមានប្លង់រួមពីបច្ចេកទេស ដើម្បីដាក់ជូនសមត្ថកិច្ចផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង «ដ្រូន» មានគោលបំណងគ្រប់គ្រងការប្រើប្រាស់ «ដ្រូន» គ្រប់ប្រភេទដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងកម្ពុជា។ សេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់ «ដ្រូន»។
សេចក្តីព្រាងអនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះ «ដ្រូន» គ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ ដែលបម្រើឲ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល៕