(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលសម្ភារសម្អាតជាច្រើនកេះសរុបជាទឹកប្រាក់មានចំនួន ១២,២៦៦ដុល្លារ ពីការិយាល័យការងារបរទេសនៃរដ្ឋបាលក្រុងលីស៊ួយ ខេត្តចឺជាំង (Zhe Jiang) និងសមាគមពាណិជ្ជកម្មខេត្តចឺជាំងប្រចាំកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រោមស្មារតីមិត្តភាពជួយគ្នាទៅវិញទៅមក។
សម្ភារសម្អាតទាំងនោះរួមមាន៖ ម៉ាសចំនួន ៥កេះ ស្មើនឹង ១០,០០០ម៉ាស ជែលលាងដៃចំនួន ៣០កេះ ស្មើនឹង ៣,០០០ដប ទឹកអាល់កុលសម្លាប់មេរោគចំនួន ៣០កេះ ស្មើនឹង ៥,០៤០ដប។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះលោក ប៉ាង ជីយ័ន (Pang Zhiyuan) អនុប្រធានប្រតិបត្តិសមាគមពាណិជ្ជកម្មខេត្តចឺជាំងប្រចាំកម្ពុជា តំណាងការិយាល័យការងារបរទេសនៃរដ្ឋបាលក្រុងលីស៊ួយ ខេត្តចឺជាំង និងសហការីដែលបាននាំសម្ភារៈទាំងនេះប្រគល់ជូនក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា ក្រសួងទេសចរណ៍នឹងនាំសម្ភារៈទាំងនេះទៅប្រគល់ជូនបន្តដល់សហគមន៍អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ដែលមានភ្ញៀវទេសចរទៅលេងច្រើន ហើយនឹងប្រគល់ចំណែកខ្លះជូនប្រជាពលរដ្ឋដែលត្រូវការចាំបាច់។
លោក ប៉ាង ជីយ័ន បានបង្ហាញការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងចំណាត់ការលើការទប់ស្កាត់ជំងឺកូវីដ១៩ ដែលពេលបច្ចុប្បន្នកំពុងយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំ។
នៅចំពោះមុខសមាគមពាណិជ្ជកម្មខេត្តចឺជាំងប្រចាំកម្ពុជានាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហើបពីការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប និងខេត្តមណ្ឌលគិរី ព្រមទាំងជិតសម្រេចបានការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបផងដែរ ដែលនេះគឺជាឱកាសវិនិយោគដ៏ច្រើនសម្រាប់អ្នកវិនិយោគចិន៕