(ភ្នំពេញ)៖ រយៈពេល១៩ថ្ងៃ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្ដល្មើសច្បាប់ ជិត៣ម៉ឺនគ្រឿង។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា រយៈពេល១៩ថ្ងៃ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចផាកពិន័យយានយន្ដ បានចំនួន ២៩,៣០៦គ្រឿង ក្នុងនោះ មានម៉ូតូ ២១,៥៧៩គ្រឿង និងរថយន្ដ មានចំនួន៧,៧២៧គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានបន្ថែមទៀតថា សម្រាប់ពេញមួយថ្ងៃ នាថ្ងៃទី១៩ ខែឧសភានេះ មន្ដ្រីនគរបាលចរាចរណ៍ បានពិន័យយានយន្ដល្មើស ចំនួន១,៦០៤គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ១,១៩២គ្រឿង និងរថយន្ដ៤១២គ្រឿង។ ក្នុងចំណោមយានយន្ដដែលល្មើសច្បាប់នេះ សម្រាប់ម៉ូតូ រួមមាន៖ មិនពាក់មួក, ល្មើសភ្លើងសញ្ញា និងប្រើប្រាស់ទូរស័ព្ទ ខណៈរថយន្ដល្មើសល្បឿន, មិនពាក់ខ្សែក្រវ៉ាត់ និងប្រើប្រាស់ទូរស័ព្ទ។
ដោយឡែក សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩ ខែឧសភានេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អះអាងថា បានកើតឡើងនៅទូទាំងប្រទេសចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៧នាក់ ក្នុងនោះរបួសធ្ងន់៥នាក់៕