(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងមមាញឹកក្នុងការងារកាត់ដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើនៅបរិវេណប្រាសាទតាព្រហ្ម ដែលមានហានិភ័យខ្ពស់មកលើប្រាសាទចំនួន ១៣ដើម។
ដើមឈើទាំងនោះ រួមមាន៖ ដើមស្ពង់ ១ដើម ដុះកោងទ្រេតខ្លាំងនៅលើកំពែងប្រាសាទ ត្រូវកាត់ពាក់កណ្តាលដើមចេញ គល់ស្ពង់ពុកផុយចំនួន ៤កន្លែង ដើមក្រឡាញ់ ១ដើម ដើមពភ្លា ១ដើម និងដើមស្ពង់តូច ១ដើម ដែលដុះនៅលើកំពែងប្រាសាទក៏ត្រូវកាត់យកចេញ។ ជាមួយគ្នានោះ ក្រុមការងារនឹងធ្វើការកាត់ក្រីដើមឈើចំនួន ៥ដើម ដែលមានមែកចំនួន ៩ ត្រូវយកចេញ ក្នុងនោះមានដើមស្ពង់ ចំបក់ ត្រាង ត្រសេក និងពភ្លាប្រើស។
ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ពន្ធថ្មកំពែង ប្រាសាទ នៅពេលដែលដើមរបស់វាដុះលូតលាស់កាន់តែធំទៅៗ និងរួមចំណែកក្នុងការធានាដល់សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាប្រាសាទនេះផង។
ការងារនេះអាចនឹងប្រើរយៈពេលយូរ ព្រោះត្រូវប្រើរន្ទារ ដើម្បីដំឡើងកាត់ដោយសារដើមខ្លះមានកម្ពស់ខ្ពស់ និងដុះកៀកនឹងប្រាសាទ៕