(ភ្នំពេញ)៖ ធនាគារអេស៉ីលីដា ភីអិលស៉ី ដែលជាធនាគារពាណិជ្ជ មានបណ្តាញប្រតិបត្តិការធំជាងគេនៅកម្ពុជា បានបន្ថែមបណ្តាញប្រតិបត្តិការ ម៉ាស៉ីនអេធីអឹមអេស៉ីលីដា (ATM) ចំនួន១១៥គ្រឿង ចាប់ពីខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អេស៊ីលីដា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។

សេចក្តីជូនដំណឹងរបស់ធនាគារអេស៉ីលីដា ភីអិលស៉ី បានឲ្យដឹងថា ដើម្បីបំពេញនូវតម្រូវការស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាពគាំទ្រ នូវការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុ ជូនអតិថិជន និងសាធារណជនឲ្យកាន់តែទូលំទូលាយ ធនាគារអេស៉ីលីដា ភីអិលស៉ី បានបន្ថែមនូវបណ្តាញប្រតិបត្តិការម៉ាស៉ីន អេធីអឹមអេស៉ីលីដា ចំនួន១១៥គ្រឿង ចាប់ពីខែឧសភាឆ្នាំ២០២០នេះ ដែលសរុបទាំងអស់ចំនួន៧៥១គ្រឿង នៅទូទាំងប្រទេស ដើម្បីបម្រើជូនសាធារណជន អាចធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា ភីអិលស៉ី បានបញ្ជាក់ថា «មានរយៈពេល១៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០៧ ដែលធនាគារអេស៉ីលីដា ភីអិលស៉ី បានដាក់ឱ្យដំណើរការប្រើប្រាស់ម៉ាស៉ីនអេធីអឹម អេស៉ីលីដា ជូនអតិថិជនធ្វើប្រតិបត្តិការសេវាកម្មធនាគារបានយ៉ាងរហ័ស ដោយអតិថិជនអាចជ្រើសរើសទីតាំង ដែលនៅជិតបំផុត ជំនួសឱ្យការធ្វើដំណើរមកកាន់ការិយាល័យធនាគារ។ បន្ថែមពីនេះទៀត ស្របតាមយុទ្ធសាស្រ្តរបស់ធនាគារ យើងខ្ញុំនឹងអភិវឌ្ឍនូវមុខងាររបស់ម៉ាស៉ីនអេធីអឹម ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើនូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប ជូនអតិថិជន និងសាធារណជនស្របតាមយុគសម័យឌីជីថល»។

សម្រាប់ព័ត៌មានបន្ថែម អំពីការប្រើប្រាស់ម៉ាស៉ីនអេធីអឹម ឬម៉ាស៉ីនដាក់ប្រាក់របស់ធនាគារអេស៉ីលីដាភីអិលស៉ី សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣៩៩៤៤៤៤ ឬ០១៥៩៩៩២៣៣ សម្រាប់សេវាបម្រើអតិថិជន (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍)៕