(ភ្នំពេញ)៖ ផ្លូវថ្មីចំនួន ២ខ្សែ នឹងត្រូវពន្លឿនការសាងសង់តភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ (CAMSOC) នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ CAMSOC ដោយបានជជែកលើរបៀបវារៈសំខាន់ៗចំនួន ២៖ ទី១-ជជែកពីហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២-និយាយពីទិសដៅការងារ និងតួនាទីភារកិច្ចរបស់គណៈកម្មការជំនាញចំនួន ៦ ក្នុងចំណោមគណៈកម្មការជំនាញទាំង ១៤។

តាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ សាលារាជធានីភ្នំពេញបានរៀបចំគម្រោងរួចហើយ គឺមានផ្លូវ ពីរខ្សែ ដោយខ្សែទី១ លាតសន្ធឹងចាប់ពីចំណុចកណ្ដាលនៃគម្រោងអភិវឌ្ឍ ន៍ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះ និងខ្សែទី២ លាតសន្ធឹងតាមបណ្ដោយដងទន្លេសាប ចាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ឆ្ពោះទៅដល់ស្ពានលីយ៉ុងផាត់ អញ្ចឹងពីរផ្លូវនេះ គឺជាផ្លូវថ្មីដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦ ហើយជាគម្រោងត្រូវធ្វើយ៉ាងណាឲ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣»។

នាឱកាសនោះ លោក ថោង ខុន ក៏បានជំរុញគណៈកម្មការជំនាញចំនួន ៦ ត្រូវស្វែងយល់ពីតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវរៀបចំផែនការការងារឲ្យបានច្បាស់លាស់ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣។

លើសពីនេះ ក្នុងនាមគណៈកម្មការអចិន្ដ្រៃយ៍ CAMSOC លោករដ្ឋមន្ដ្រីបានដាក់ទិសដៅថានឹងបើកកិច្ចប្រជុំត្រួតពិនិត្យរៀងរាល់សប្ដាហ៍ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕