(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់សមត្ថកិច្ចខណ្ឌ៧មករា បានឲ្យដឹងថា នៅម៉ោង១៖៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចំណុចជិតស្តុបស្ពានអាកាសអូឡាំព្យា សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានបុរសម្នាក់បើករថយន្តស៊េរីទំនើបមកបាញ់មួយគ្រាប់ ផ្អើលអស់សមត្ថកិច្ចខណ្ឌ៧មករា។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ប្រាប់ភ្នាក់ងារ Fresh News ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចកំពុងតែឈរល្បាតនៅចំណុចស្តុបអូឡាំព្យា ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកដោយបុរសម្នាក់មកដល់កន្លែងកើតហេតុ ក៏ដកកាំភ្លើងបាញ់មួយគ្រាប់ ហើយបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ៧មករា ធ្វើការស្វែងរកសំបកគ្រាប់កាំភ្លើង ដែលជនល្មើសបានបាញ់ ប៉ុន្តែរកមិនឃើញ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ សូមណូមពរឲ្យសមត្ថកិច្ចខណ្ឌ៧មករា ជួយស្វែងរកជនបង្ក មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់៕