(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្នុងទឹកដីថៃមានពលករខ្មែរ ២នាក់បានឆ្លងដែនពីទឹកដីថៃមកកម្ពុជា ត្រង់ចំនុចទល់មុខទឹកដីខ្មែរម្ដុំដើមស្រល់ ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ពេលដល់ចំណុចកើតហេតុពលករខ្មែរ បានជួបជាមួយទាហានឈុតខ្មៅថៃ ហើយព្យាយាមរត់គេចពីការចាប់ខ្លួន ពេលនោះទាហានថៃឈុតខ្មៅបានបាញ់ឡើងលើ ធ្វើឲ្យពលករខ្មែរម្នាក់ភ័យហើយរត់ទៅទាក់ជាមួយបន្លាលួសរបស់ថៃ បណ្ដាលឱ្យរបួសជើងខាងឆ្វេង
ជនរងគ្រោះត្រូវបានទាហានឈុតខ្មៅថៃ បញ្ជូនទៅព្យាបាលនៅពេទ្យអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីកើតហេតុថៃ បានរកឃើញពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន១៦នាក់បន្ថែមទៀត។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំណោមពលករទាំង១៦នាក់ ដែលថៃឃាត់ខ្លួនបញ្ជូនមកនេះ មានម្នាក់ជាមេខ្យល់ ឈ្មោះ ឃាន ភៀន ហៅអ៊ូខុង ប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិក្តីស្វិត ឃុំស្រែក្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ពេលនេះឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ បានកំពុងធ្វើការសាកសួរមេខ្យល់រូបនេះ នៅច្រកអូបីជាន់ រួចបញ្ជូនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ហើយពលករទាំង១៦នាក់ នឹងរៀបចំបញ្ជូនមកធ្វើចត្តាឡីស័ក នៅស្រុកអូរជ្រៅ។

ជាមួយគ្នានេះ នៅក្នុងយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះដែរ ទាហានការពារព្រំដែនខាងកើតច្រកបឹងត្រកួន បានឃាត់ខ្លួនពលករខ្មែរ ដែលចាញ់បោកមេខ្យល់ នាំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន២៤នាក់ នៅច្រកភ្នំឆ័ត្រ បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកមេខ្យល់ ទៅធ្វើការនៅប្រទេសថៃចំនួន២៦នាក់ហើយអ្នក ទាំងនេះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួនពីរគោលដៅ ទី១៖ ចត្តាឡីស័កនៅស្រុកថ្មពួក និងទី២៖ ចត្តាឡីស័កនៅស្រុកស្វាយចេក។

ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាកុំចាញ់បោកមេខ្យល់ ដោយធានានាំឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងដំណាក់កាលនេះ ខណៈដែលប្រទេសថៃ និងប្រទេសកម្ពុជា កំពុងតែរឹតបន្តឹងច្រកព្រំដែន មិនឱ្យប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃទេ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នូវរជំងឺកូវីដ-១៩៕