(ភ្នំពេញ)៖ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Haji Hassanal Bolkiah) បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

តាមលិខិតផ្លូវការរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងមហេសីមានភាពសោកសៅយ៉ាងខ្លាំង ដោយបានទទួលព័ត៌មាន អំពីមរណភាពនៃមាតាក្មេកជាទីស្រឡាញ់ របស់សម្ដេចតេជោ។

សូមសម្ដេចតេជោ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារទទួលនូវការចូលរួមរំលែកទុក្ខយ៉ាងស្មោះអស់ពីដួងចិត្តពីយើងខ្ញុំ ក្នុងគ្រាដ៏សោកសង្រេងនេះ។ ដោយសមានចិត្តយ៉ាងជ្រាលជ្រៅរបស់ខ្ញុំ»

សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕