(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត អាំង ហុកស៊្រុន ប្រធានការិយាល័យសុវត្ថិភាពភាពចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នាយកដ្ឋានឱសថនៃក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីរឹតបន្ដឹង និងការការពារពីការចម្លងនូវវីរុសកូវីដ១៩នៅតាមភោជនីយដ្ឋាន មន្ដ្រីរបស់លោក បានបន្ដចុះទៅអប់រំដល់ម្ចាស់ភោជនីយដ្ឋាន និងបុគ្គលិក ពីវិធានការការពារការចម្លងជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិតអាំង ហុក ស៊្រុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ថា «ដើម្បីសុវត្ថិភាព និងចៀសផុតពីការពុលចំណីអាហារ ជាពិសេសការការពារពីការចម្លងនូវជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ យើងនៅតែបានបន្ដចុះអប់រំណែនាំដល់ម្ចាស់ និងបុគ្គលិក នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ចំណីអាហារទាំងអស់ ឱ្យអនុវត្ដឱ្យបានខ្ជាប់ខ្ជួនទៅតាមសារណែនាំរបស់ក្រសួងសុខាភិបាល»។
សម្រាប់រសៀលនេះ មន្ដ្រីសុវត្ថិភាពចំណីអាហារ នឹងត្រូវបន្ដទៅត្រួតពិនិត្យ និងអប់រំដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងអ្នកលក់ចំណីអាហារ នៅតំបន់បឹងកេងកង រាជធានីភ្នំពេញ។
ជាពិសេស ក្រសួងសុខាភិបាល បានបន្តទ្វេដងចុះអប់រំដល់ម្ចាស់ និងអ្នកបំពេញប្រកបអាជីកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងលក់ចំណីអាហារក្នុងរាជធានីភ្នំពេញ តាមគោលការណ៍ណែនាំរបស់នាយកដ្ឋានដូចជា៖
*អ្នកលក់អាហារ ត្រូវលាងដៃជាមួយសាប៊ូ ឬអាកុល ឬជែល តាមក្បួនអនាម័យជាប្រចាំ និងត្រូវពាក់ម៉ាសការពារ។
*ត្រូវមានអាកុល ឬជែល ដែលមានបិតលទបត្រត្រឹមត្រូវពីក្រសួងសុខាភិបាល សម្រាប់ទុកឱ្យភ្ញៀវលាងដៃ
*ករណីបុគ្គលិក បម្រើការងារមានជំងឺ ដូចជា ក្អក ផ្ដាសាយ ក្ដៅខ្លួន ឬរាក ត្រូវសំរាកពីការងារ ឬត្រូវពិភាក្សាជាមួយគ្រូពេទ្យ ត្រូវរក្សាអនាម័យជាប្រចាំ រក្សាគម្លាតសុវត្ថិភាព (ចម្ងាយពី ១.៥ម៉ែត្រ) សម្រាប់ភ្ញៀវពីម្នាក់ទៅម្នាក់ជាដើម៕