(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខាកាកបាទក្រហមខេត្ត ចំនួន១៤៨កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ៥២គ្រួសារ នៅបរិវេណសាលាបឋមសិក្សាកណ្តោលជ្រុំ និងពលករកំពុងដាក់ខ្លួននៅដាច់ដោយឡែកចំនួន ១៦នាក់ និង៨០កញ្ចប់ទៀត ផ្តល់ជូនទៅអនុសាខាកាកបាទក្រហមស្រុកពញាក្រែក ដើម្បីចែកជូនពលរដ្ឋជនងាយរងគ្រោះ ក្នុងមូលដ្ឋានរបស់ខ្លួនបន្ត។
សកម្មភាពនេះ ដឹកនាំដោយលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមជាមួយអភិបាលរងខេត្ត អាជ្ញាធរស្រុក យុវជនកាកបាទក្រហមស្រុក ស.ស.យ.កស្រុក និងក្រុមការងារជាច្រើនរូបទៀត។
លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋជាចនងាយរងគ្រោះទាំងអស់ ក្នុងស្រុកពញាក្រែក ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។
លោកអភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការឈ្វេងយល់ និងដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី មិនត្រូវភ្លេចខ្លូននោះឡើយ។
ឆ្លៀតក្នុងឱកាស លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកថា «បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថាជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំ ឬប្រមូលផ្តុំគ្នានោះទេ»។
លោកបន្ថែមថា អាជ្ញាធរស្រុក ឃុំ យុវជនកាកបាទក្រហម ស.ស.យ.ក ត្រូវរួមសហការគ្នាបញ្ជ្រាបការយល់ដឹង និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដែលបានដាក់ចេញ ឲ្យជ្រួតជ្រាបដល់ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាងណាដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដល់ជំងឺកូវីដ១៩ជាថ្មី ដែលជារលកទី២នោះ។
សូមបញ្ជាក់ថា ចំពោះអំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះ៥២គ្រួសារ និង៨០គ្រួសារទៀត ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកពញាក្រែក សម្រាប់ចែកបន្ត ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិកាចំនួន ២ម៉ឺនរៀល។
នាព្រឹកដដែលនេះដែរ លោក ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមការងារ បន្តត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស អាកុល និងថវិកា ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ដល់ពលករចំនួន១៦នាក់ ដែលទើបមកពីក្រៅប្រទេសកំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកពញាក្រែកផងដែរ៕